Cctimesw1140xh150cm copy

ការនាំចេញផលិតផលកម្ពុជាធ្លាក់ចុះ ខណៈSMEប្រមាណ១២០បិទទ្វារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ នៅពាក់កណ្តាលឆមាសទី១នៃឆ្នាំ២០២១នេះ ការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សារខាងក្រៅមានការធ្លាក់ចុះមកនៅត្រឹមតែ២,៣៩៣ លានដុល្លារតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ខណៈសហគ្រាសខ្នាតតូច និងមធ្យម (SME)ប្រមាណ១២០បានបិទ្វារ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានពន្យល់ថា មូលហេតុនៃការធ្លាក់ចុះនេះ ការបញ្ជាទិញធ្លាក់ចុះ ដោយសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតដែលជាទីផ្សាររបស់កម្ពុជា ដែលបានអនុវត្តវិធានការបិទខ្ទប់ ឬវិធានការរឹតត្បិត និងវិធានការរដ្ឋបាលផ្សេងៗ ដូចនេះការចំណាយលើសម្ភារៈប្រើប្រាស់ក៏មានកំណត់ នឹងត្រូវកាត់បន្ថយ។

បើតាមឯកឧត្តម ហេង សុខគង់ ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងស្រុក ដែលមានតាំងពីព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈមករហូតដល់បច្ចុប្បន្ន បានធ្វើឱ្យកម្ពុជាដាក់ចេញនូវការរឹតបន្តឹង វិធានការបិទខ្ទប់ ក៏ដូចជាវិធានការរដ្ឋបាល និងវិធានការសុខាភិបាលផ្សេងៗទៀត ដើម្បីធានាបាននូវសុវត្ថិភាព សុខមាលភាព ដល់ប្រជាពលរដ្ឋកម្ពុជា ដូចនេះបណ្តារោងចក្រ និងសហគ្រាសមួយចំនួនក៏ត្រូវបានបិទទ្វារ និងមួយចំនួនទៀតត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។

ឯកឧត្តម ហេង សុខគង់ ថ្លែងថា “ចំនួនសហគ្រាសធនតូច និងមធ្យមរបស់កម្ពុជាដែរបានបិទទ្វារចាប់ពីខែមករា ដល់តែកក្កដា ឆ្នាំ២០២១នេះ មានចំនួន១២០មូលដ្ឋាន ជាពិសេសសិប្បកម្ម។ចំណែកឯរោងចក្រធនធំវិញ បិទទ្វារដោយសារតែការបញ្ជាទិញមានការធ្លាក់ចុះ ហើយប៉ះពាល់ដល់រោងចក្រធនតូចមួយចំនួនទៀតដែរ ព្រោះរោងចក្រធនធំមានការផ្គត់ផ្គង់ការផលិតពីរោងចក្រតូចៗ។”

ដើម្បីជួយដល់វិស័យនេះ ឯកឧត្តមបន្តថា ធនាគារ SME ក៏បានផ្តល់នូវកម្ចីដល់វិស័យសហគ្រាសធនតូច និងមធ្យម បានចំនួនប្រមាណជា ៧៧៧ សហគ្រាស ក្នុងទំហំទឹកប្រាក់ជាង ១០១.២៩លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ។

ជាក់ស្តែង ការផ្តល់កម្ចីក៏មានទាំងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងធនាគារSME និងធនាគារកាណាឌីយា ដែលបានខិតខំប្រឹងប្រែងក្នុងការជួយវិស័យឯកជន ដោយបានផ្តល់ជូននូវកម្ចីឥទានពិសេសដល់សហគ្រាសធនតូច និងមធ្យម ក្នុងកម្រិតអត្រាការប្រាក់សមស្របត្រឹមប្រមាណតែ៧.៨ភាគរយតែប៉ុណ្ណោះ និងការបង្កើតមូលនិធិផ្សេងៗទៀតក្នុងការជួយលើកកម្ពស់ដល់SMEទាំងអស់នៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើកំណែទម្រង់ និងសេវាសាធារណឱ្យបានឆាប់ និងទាន់ពេលវេលាជូនវិស័យឯកជន ដោយបានផ្តល់នូវការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជម្រុញយ៉ាងខ្លាំងក្លាទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ការលើកកម្ពស់សមត្ថភាពកម្មករ-កម្មការិនី ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផល ហើយជាពិសេសការកាត់បន្ថយចំណាយផ្សេងៗរបស់និយោជកដើម្បីធានាបាននូវដំណើរការនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់គាត់ឱ្យកាន់តែបានល្អប្រសើរ និងផលិតភាពកាន់តែខ្ពស់។នេះបើយោងតាមឯកឧត្តម ហេង សុខគង់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង