
ព្រះសីហនុ៖ នៅក្នុងក្រុងព្រះសីហនុ កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា បានទទួលរងការវាយប្រហារដោយជំនន់ទឹកភ្លៀងខ្លាំងក្នុងបរិមាណទឹកភ្លៀងលើសពី ១០០មម ដែលបង្កឲ្យមានការជន់លិចតំបន់សំខាន់ៗមួយចំនួនក្នុងខេត្តមាត់សមុទ្រមួយនេះ។ក្នុងការវាយប្រហារដោយជំនន់ទឹកភ្លៀងនេះ គឺមិនទាន់ដឹងពីផលខូចខាតនៅឡើយទេ ខណៈដែលអាជ្ញាធរខេត្តកំពុងតាមរកអ្នកបាត់ខ្លួន។
របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុដែលផ្តល់ជូនដល់ស៊ីស៊ីថាមស៍ថា ក្នុងក្រុងព្រះសីហនុ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងពីចន្លោះម៉ោង០៥:០០នាទីល្ងាច ដល់ម៉ោង០៨:០០នាទីយប់ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨,១មម។កម្រិតនេះ បានបណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
យោងតាមការព្យាករណ៍ អាជ្ញាធរខេត្តព្រះសីហនុបានព្រមានថានឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និង ទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
.jpg?1629859439)
.jpg?1629859439)


