
ភ្នំពេញ៖ កម្ពុជាបានប្រគល់ជំនួយជាគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នៅតំបន់អាស៊ី ប្រទេសមីយ៉ាន់ម៉ាជាប្រទេសទី៥ដែលកម្ពុជាបានផ្តល់ជំនួយក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បន្ទាប់ពីប្រទេសឡាវ នេប៉ាល់ ទីម័រ និងវៀតណាម។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែសីហានេះ បានប្រគល់គ្រឿងបរិក្ខារពេទ្យជូនដល់ប្រទេសមីយ៉ាន់ម៉ា រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័សចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង។
ក្រៅពីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។
សម្តេច ហ៊ុន សែន បានថ្លែងថា បើទោះបីជាកម្ពុជាជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានាដែលជាវប្បធម៌ដ៏ល្អមួយនៃជាតិសាសន៍នៅអាស៊ីមួយនេះ។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
ក្រៅពីប្រទេសមីយ៉ាន់ម៉ា កាលពីខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕
