ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១២ សីហានេះ បានប្រកាសរកឃើញកូវីដបំប្លែងខ្លួនថ្មីថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ១០ឆ្នាំម្នាក់។កុមារនេះ ជាអ្នកដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ថ្លែងថា កុមារាអាយុ១០ឆ្នាំវិជ្ជមានកូវីដបំប្លែងខ្លួនថ្មីនោះ ធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣។
បើតាមលោក ឃាង ភារម្យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta។
រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
