
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ សីហានេះ បានចេញសារអំពារនាវដល់ប្រជាពលរដ្ឋមួយចំនួនដែលចង់ចាក់វ៉ាក់សាំងដូសទី៣ឱ្យស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ការអំពាវនាវនេះ ធ្វើឡើងក្រោយមានប្រជាពលរដ្ឋមួយចំនួនបាន ស្នើសុំរាជរដ្ឋាភិបាលដើម្បីបានចាក់វ៉ាក់សាំងដូសទី៣ ដែលចាក់បូកគ្នារវាងAstra Zeneca និង Astra Zeneca។
យោងតាមសារជាសំឡេង ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ការចាក់ដូសទី៣ គឺសុំឱ្យផ្អាកការដាក់សំណើស្នើសុំ គឺផ្អាកលុះត្រាតែមានការសិក្សាបានម៉ត់ចត់ អំពីគម្លាតដូសទី១ ទី២ និងទី៣ ហើយលុះត្រាតែយើងមានវ៉ាក់សាំង ទើបយើងអា ចចាក់ជូនអ្នកដែលបានចាក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង Astra Zeneca ។
បើតាមសម្តេច សម្រាប់អ្នកដែលមិនទាន់ ហើយបែរជាមកស្នើសុំចាក់ Astra Zeneca គឺយើងមិនផ្តល់ជូននោះទេ ដោយសារយើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយ ទៅចាក់ជូនខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្តាខេត្តដទៃទៀត បូកនឹងការបញ្ជូនទៅកងទ័ព ដែលចាក់ឱ្យទាំងកងទ័ព ចាក់ឱ្យកម្លាំងនគរបាល ដែលនៅជាមួយ ចាក់ឱ្យទាំងអតីតយុទ្ធជន និងកីឡាករ ដែលត្រៀមប្រកួតស៊ីហ្គេម»។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បានសម្រេចឲ្យចាក់វ៉ាក់សាំងដូសទី៣ដោយប្រើវ៉ាក់សាំងប្រភេទAstraZeneca ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរបស់ចិនប្រភេទស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ប៉ុន្តែសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង AstraZenecaរួច ការចាក់ដូសទី៣ គឺស្ថិតក្នុងការពិចារណាវិលមកចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់វិញម្តង។សម្រាប់សម្តេច ហ៊ុន សែន ការចាក់សាំងដូសទី៣ គឺផ្តល់អទិភាពទៅកាន់បណ្តាខេត្តជាប់ព្រំដែន ដែលមានមនុស្សពី៥០ម៉ឺនទៅ១លាននាក់ ខណៈពួកគេកំពុងប្រឈមុខខ្ពស់នឹងកូវីដ១៩បំប្លែងថ្មី(Delta)៕