
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៦ សីហានេះ បានចេញបទបញ្ជាជាបន្ទាន់ទៅដល់អភិបាលរាជធានីខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវត្រៀមខ្លួនរៀបចំការធ្វើចត្តាឡីស័ករបស់ពលករខ្មែរត្រឡប់មកពីថៃ។ហើយសម្តេចក៏បានបញ្ជាដល់កងយុទ្ធពលខេមរៈភូមិន្ទ ត្រូវបញ្ជេញរថយន្តចំនួន២០០គ្រឿង ដើម្បីទៅទទួលដឹកពលរដ្ឋផងដែរ។
យោងតាមសារជាសំឡេងនៅថ្ងៃនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដល់អង្គភាពដឹកជញ្ជូនរបស់កងយុទ្ធពលខេមរៈភូមិន្ទ ត្រូវបញ្ចេញរថយន្តដែលត្រៀមចំនួន២០០គ្រឿង ទៅដឹកញ្ជូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនបានចំនួន៧ថ្ងៃ និង ដឹកទៅដាក់តាមខេត្តមួយចំនួន។
បើតាមសម្តេច ធ្វើយ៉ាងដូច្នេះ ដើម្បីជួយសម្រួលដល់កន្លែងធ្វើចត្តាឡីស័កនៅតាមព្រំដែន ខណៈដែលពលរដ្ឋមកពីថៃចេះតែសម្រុកចូលមកកម្ពុជា។ហើយក្នុងករណីដែលចំនួនកន្លែងចត្តាឡីស័កនៅព្រំដែនពេញអស់ រដ្ឋបាលរាជធានីខេត្តទាំងអស់ត្រូវដឹកជញ្ជូនពលករទាំងនោះ ចូលមកខេត្តខាងក្រោយ ដើម្បីធ្វើចត្តាឡីស័ក។