
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១ សីហានេះ បានប្រកាសសម្រេចឱ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ។ការសម្រេចនេះ ត្រូវបានប្រកាសធ្វើឡើងក្នុងនៅពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ។
ការប្រកាសនោះ ធ្វើឡើងដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សម្តេចបានចុះហត្ថលេខាយល់ព្រមហើយ ហើយបានបញ្ជាឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើការសិក្សា។ហើយគម្រោងចាក់ដូសទី៣ នឹងធ្វើឡើងចំពោះអ្នកចាក់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ និងស៊ីណូហ្វាម គឺដើម្បីជាវ៉ាក់សាំងជំនួយដល់សារពាង្គកាយ។
ចំពោះអ្នកចាក់វ៉ាក់សាំងAstraZeneca រាជរដ្ឋាភិបាលអាចនឹងប្រើប្រាស់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ និងស៊ីណូហ្វាម។នេះបើយោងតាមប្រសាសន៍របស់សម្តេចហ៊ុន សែន ហើយសម្តេចបាន ក៏បានបញ្ជាឱ្យស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមដើម្បីត្រៀមចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៧៣,០៥ ភាគរយហើយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕