សៀមរាប៖ រដ្ឋបាលខេត្តចេញសេចក្តីសម្រេចកំណត់បិទខ្ទប់តំបន់មួយចំនួននៅក្នុងភូមិសាស្រ្តខេត្តសៀមរាបរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើការប្រកាសរបស់ខេត្តសៀមរាបនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
យោងតាមការប្រកាស រដ្ឋបាលខេត្តសម្រេចកំណត់តំបន់ក្រហម ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង និងតំបន់លឿងទុំនៅក្នុងភូមិសាស្ត្រឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និងនៅសង្កាត់ស្លក្រាម ស្វាយដង្គំ គោកចក និងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
រដ្ឋបាលសម្រេចបិទខ្ទប់ភូមិសាស្រ្តដែលមានការរីករាលដាលជំងឺកូវីដ១៩ដែលបានកំណត់ជាតំបន់ក្រហម និងលឿងទុំជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣: ៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២១៩នាក់ បានព្យាបាលជាសះស្បើយចំនួន២១៥៨នាក់ ស្លាប់៤៦នាក់ និង២០១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

