
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧កក្កដានេះ បានសម្រេចបើកដំណើរការឡើងវិញចំពោះផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។
បើតាមសេចក្តីប្រកាសក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារកណ្តាលត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគ រកមេរោគកូវីដ-១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផល តេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញជូនដំណឹងស្តីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម៕



