
សៀមរាប៖ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានចាក់វ៉ាក់សាំងជូនជនបរទេសសរុបបានចំនួន ៧៤៥នាក់ ស្រី ២៨៧នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដែលជាថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមិនគិតថ្លៃគ្រប់ៗគ្នា។
ជនបរទេសទាំងនោះ ដែលបានធ្វើសំណើរមកកាន់រដ្ឋបាលខេត្តសៀមរាបនារយៈពេលកន្លងមក ខណៈដែលកន្លងទៅមានជនបរទេសចំនួនប្រមាណជាង២ពាន់នាក់មកដាក់ពាក្យស្នើសុំចាក់វ៉ាក់សាំង ពិសេសគឺធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និង ស្របតាមគោលការណ៍ស្ម័គ្រចិត្ត និង ត្រូវចាក់ជូនឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
ចំពោះជនបរទេស មានបំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធដែលមានដូចជា ៖ លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ ) ហើយចំពោះជនបរទេស ទាំងឡាយណាដែលមានទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចង់ចាក់វ៉ាក់សាំង គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬ វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុប្រើប្រាស់ជារៀងរាល់ថ្ងៃប្រសិនបើមាន៕
