ភ្នំពេញ៖ ប្រទេសកម្ពុជាបានប្រកាសថាខ្លួនបានផ្តល់ជំនួយជាថវិកាសរុប៣៥ម៉ឺនដុល្លារ និងសម្ភារៈការពារកូវី១៩រួមមានម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែន ទៅដល់ប្រទេសវៀតណាម ខណៈប្រទេសជិតខាងមួយនេះកំពុងតែផ្ទុះឡើងកូវីដ១៩តាមពីក្រោយកម្ពុជា។នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជំនួយរបស់កម្ពុជាដែលផ្តល់ទៅឲ្យប្រទេសវៀតណាមនៅពេលនេះ គឺមានថវិកា២០ម៉ឺនដុល្លារ និងម៉ាសធម្មតាជាង១លានបន្ទះ និងម៉ាស N95 ចំនួន១សែនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាលកម្ពុជា ខណៈកាកបាទក្រហមកម្ពុជាបានបន្ថែមនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារទៀត។
បើតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ការសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម គឺដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានោះ សមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក៏បានផ្តល់ជាថវិកាចំនួន៥ម៉ឺនដុល្លារដល់ប្រទេសវៀតណាមផងដែរ តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ចំណែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា៕


