
ភ្នំពេញ៖សម្រាប់អ្នកជំងឺកូវីដ១៩ដែលសម្រាកព្យាបាលនៅផ្ទះ ឬប្រជាពលរដ្ឋខ្មែរទូទៅ អាចសម្គាល់បានថា ខ្លួនស្ថិតក្នុងស្ថានភាពជំងឺកម្រិតស្រាល ឬធ្ងន់បានដោយសម្គាល់លើរោគសញ្ញា៣ចំណុចធំៗដូចជា ការសង្កេតមើលលើកម្តៅ ចង្វាក់ដង្ហើម និងស្មារតី។ នេះបើតាមលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានថ្លែងថា ជាទូទៅ ជំងឺកូវីដ១៩ភាគច្រើនគ្មានរោគសញ្ញានៅក្នុងកម្រិតស្រាលទេ ហើយបើមាន ក៏អាចមានតិចតួចជុំវិញ១៥ភាគរយក្នុងកម្រិតស្រាល ឬ២០ភាគរយក្នុងកម្រិតធ្ងន់។ ដូច្នេះ ករណីដែលគ្មានរោគសញ្ញា គឺបុគ្គលនោះមានសភាពធម្មតាទាំងអស់ ជារួមគឺមានសុខភាពល្អ តាំងពីមិនមានអាការក្តៅខ្លួន មិនហត់ និងក្អកជាដើម។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលមិនមានរោគសញ្ញា គឺសំដៅដល់បុគ្គលដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយសមាជិកគ្រួសារដែលវិជ្ជមានកូវីដស្រាប់។ ចំណែកអ្នកជំងឺកូវីដ១៩កម្រិតស្រាល គឺជាបុគ្គលដែលមានរោគសញ្ញតិចតួច ដោយផ្តោតលើ៣ចំណុចធំៗ ទីមួយ គឺកម្តៅ ដោយមិនក្តៅលើសពី៣៧.៥អង្សា ឬ៣៧.៦អង្សា តែបើក្នុងករណីឡើងកម្តៅ ក៏ឡើងលើសពីនេះតិចតួចតែប៉ុណ្ណោះ។ ទីពីរ គឺចង្វាក់ដង្ហើម ជាទូទៅចង្វាក់ដង្ហើមសម្រាប់មនុស្សពេញវ័យគឺមានចន្លោះពី១៤-២០ដងក្នុងមួយនាទី។ទីបី គឺពាក់ព័ន្ធជាមួយស្មារតី ជារួមបុគ្គលនោះមានស្មារតីនៅមាំ ហើយសកម្មភាពនានាមានសភាពប្រក្រតីតាមធម្មតា។
សម្រាប់អ្នកជំងឺកូវីដកម្រិតធ្ងន់ ឬអ្នកជំងឺដែលមានរោគសញ្ញាអាចវិវត្តទៅធ្ងន់ ហើយអាចទាមទារការអន្តរាគមពីសុខាភិបាលឱ្យបានទាន់ពេល ជាបុគ្គលដែលមានរោគសញ្ញាផ្តើមចេញពីការហត់ដោយដកដង្ហើមញាប់ខុសពីធម្មតា មានអារម្មណ៍ថប់ទ្រូង ចុកទ្រូង អស់កម្លាំងខ្លាំង ឬអាចឈានដល់ការវង្វេងស្មារតី។ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត។
លោកវេជ្ជបណ្ឌិតសន្និដ្ឋានថា ចំពោះរោគសញ្ញាផ្តាសាយគឺជារោគសញ្ញាមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ ប៉ុន្តែមិនអាចវាយតម្លៃបានទេ គឺវាគ្រាន់តែជាសញ្ញាសង្ស័យតែប៉ុណ្ណោះ។ ការសម្គាល់ថាបុគ្គលនោះអាចកើតកូវីដ១៩បានគឺមានតែ៣ចំណុចប៉ុណ្ណោះ គឺក្តៅខ្លាំង ហត់ និងស្មារតីទូទៅ។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតថា សម្រាប់ការព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល ឬគ្មានរោគសញ្ញានៅតាមផ្ទះ គឺមិនមានអ្វីច្រើននោះទេ ជារួមគឺគ្រាន់តែថែរក្សាសុខភាពឱ្យបានល្អតាមបែបធម្មតាដោយមិនប្រើប្រាស់ឱសថ ជារួមគឺត្រូវបរិភោគអាហារដែលមានវីតាមីនល្អៗឱ្យបានទៀងទាត់ ទទួលទានទឹកឱ្យបានច្រើន និងរស់នៅតាមរបៀបធម្មតា៕