
ភ្នំពេញ៖ ក្រសួងកសិកម្ម បានដាក់ចេញវិធានការបន្ទាន់មួយ ដោយហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វទាំងអស់ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនគោក ទឹក និងអាកាសទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺឈាមខ្មៅ (Anthrax) លើសត្វពាហនៈនៅប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា វិធានការដ៏តឹងរ៉ឹងនេះ គឺដើម្បីការពារសុខភាពសត្វចិញ្ចឹមក្នុងស្រុក និងសុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលបច្ចុប្បន្ន មិនមានករណីជំងឺឈាមខ្មៅណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការប៉ុនប៉ងនាំចូលសត្វ ឬផលិតផលសាច់សត្វពីប្រទេសថៃដោយខុសច្បាប់។
ទន្ទឹមនឹងនោះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានរៀបចំប្រព័ន្ធឃ្លាំមើល និងឆ្លើយតបបន្ទាន់ នៅទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យសុខភាពសត្វពាហនៈ និងត្រៀមអន្តរាគមន៍ភ្លាមៗ ប្រសិនបើរកឃើញករណីសង្ស័យ។
គួរបញ្ជាក់ថា ក្រសួងកសិកម្មនឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពជំងឺនេះជាប្រចាំ ហើយប្រជាពលរដ្ឋអាចទាក់ទងទៅលេខ ១២៨៩ សម្រាប់ព័ត៌មានបន្ថែម៕
