
បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីរកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន១៨នាក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីរដ្ឋបាលប្រកាសឱ្យអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺទៅធ្វើសំណាកជាបន្ទាន់។
យោងតាមរដ្ឋបាលស្រុកមង្គលបូរី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋសហគមន៍ផ្សារមង្គលបូរីមកយកសំណាកធ្វើតេស្តរហាស់ មានចំនួន ៣២២នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន ១៨នាក់ ស្រី១៣នាក់ ដែលស្ថិតនៅឃុំឫស្រីក្រោក ៣នាក់ ឃុំចំណោម ១០នាក់ ឃុំ សឿ ៤នាក់ និងក្រុងសិរីសោភ័ណ ១នាក់។
រដ្ឋបាលស្រុកមង្គលបូរី បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្ត តាមវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ-១៩។ មួយវិញទៀត អ្នកដែលពាក់ព័ន្ធ ប្រញ៉ាប់មកយកសំណាកនៅវត្តឫស្សីក្រោកជាបន្ទាន់ ជាពិសេសបងប្អូនដែលពាក់ព័ន្ធនៅផ្សារមង្គលបូរី។
គួរបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរតេស្តរកឃើញអាជីវករចំនួន៣នាក់វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែកក្កដានេះ រដ្ឋបាលស្រុកមង្គលបូរីបានជូនដំណឹងដល់សាធារណ:ជន និងក្រុមអាជីវករគ្រប់ប្រភេទ នៅផ្សារមង្គលបូរីថា អាជ្ញាធរសូមធ្វើការបិទផ្សារមង្គលបូរីជាបណ្ដោះអាសន្ន និងផ្ទះល្វែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរីទាំងស្រុង ចាប់ពីថ្ងៃទី ៦ កក្កដានេះ រហូតមានការជូនដំណឹងឡើងវិញ៕