Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបសម្រេចលទ្ធផលការងារបាន៦៣,៨៧ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចលទ្ធផលការងារបាន៦៣,៨៧ភាគរយ គិតត្រឹម ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវជាក់ស្តែង ឯកឧត្តមទេសរដ្ឋមន្ត្រី បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ក្នុងការចាក់ផ្លូវ បេតុង និងធ្វើឱ្យផ្លូវឆាប់ខូច។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការសាងសង់ផ្លូវទៅតាម ស្ថានភាពភូមិសាស្ត្រជាក់ស្តែង ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ពោលគឺ៖ ក្រសួងមិនចាំបាច់ធ្វើផ្លូវស្តង់ដារតែមួយទេ កន្លែងណាដែលមានទឹកច្រើន ដឹកធ្ងន់ យើងត្រូវចាក់បេតុង ដូចជាផ្លូវក្រវ៉ាត់ក្រុង សៀមរាប ជាដើម និងបានសម្តែងនូវសុទិដ្ឋិនិយមថា៖ គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងបញ្ចប់ តាមផែនការគ្រោងទុក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង