
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី២២ មិថុនា ២០២៥ បានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតមួយចំនួនដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះតាមបណ្តាញសង្គម ដោយបញ្ជាក់ថា កោះឬស្សី គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នកំពុងត្រូវបានជួលឱ្យក្រុមហ៊ុនវិនិយោគចំនួន ២ ដំណើរការអាជីវកម្មទេសចរណ។
កោះឬស្សី មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចសន្យាជួលកោះនេះជូនក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD ដើម្បីវិនិយោគលើទំហំផ្ទៃដី ៧៨ ហិកតា តាមកិច្ចសន្យាជួលដែលបានចុះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ ក្រៅពីនេះ ក៏មានក្រុមហ៊ុន EVERSPRING RESORT Co.,LTD មួយទៀត ដែលបានចុះកិច្ចសន្យាជួលកោះនេះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១ ដើម្បីវិនិយោគលើទំហំផ្ទៃដី ៥២ ហិកតា។
បច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះបាននិងកំពុងដំណើរការអាជីវកម្មទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលំហែកាយនៅលើកោះឬស្សីយ៉ាងសកម្ម។

រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចែកចាយបន្តព័ត៌មានមិនពិតនេះ ដើម្បីជៀសវាងសាធារណមតិមានការភាន់ច្រឡំ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកម្ចាស់គណនីដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕