
ភ្នំពេញ៖ ភាគីចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការខិតខំនេះបង្ហាញពីស្នូលនៃសហគមន៍វាសនារួមរវាងចិន និងកម្ពុជា និងខិតខំអនុវត្តតាមប្រសាសន៍ដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដជាផលិតផលសាធារណៈសម្រាប់សកលលោក។នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។
ស្ថានទូតចិនបានអះអាងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសមួយនេះ។
វ៉ាក់សាំងចិនសម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស ដោយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងចិនចំនួន១ លានដូសដែលជាការបញ្ជាទិញរបស់ភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។
បើតាមស្ថានទូតចិន រហូតមកដល់បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដដែលភាគីចិនបានផ្តល់ជូនភាគីកម្ពុជារហូតមកដល់ពេលនេះមានចំនួនលើសពី ១០ លានដូស ក្នុងនោះចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ២.២ លានដូស ហើយវ៉ាក់សាំងកូវីដចំនួន ៨.៥ លានដូសទៀតជាការបញ្ជាទិញរបស់កម្ពុជា។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤លាននាក់ ស្មើនឹងជិត ៤០ភាគរយហើយ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕