
ភ្នំពេញ៖ នៅថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ក្នុងនាមជាប្រធានគណបក្សកាន់អំណាចជាង៤០ឆ្នាំសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិសម្រេចបានសមិទ្ធផលដ៏ធំធេង ដោយកសាងប្រទេសពីសូន្យរហូតដល់ការអភិវឌ្ឍរីកចម្រើន។
ថ្ងៃទី ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១ គឺមានរយៈពេល៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជន កម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។នេះបើយោងតាមសារលិខិតរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្ស។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីជាតិទាំងមូលគណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។ហើយបានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិពី ការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ ឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញ។
បើតាមសម្តេចហ៊ុន សែន រយៈពេល ៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសសម្រេចបានសមិទ្ធផលដ៏ធំធេងស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមានស្ថិរភាពជាជំហានៗ តាមរយៈនយោបាយឈ្នះ ឈ្នះ, ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ហើយកំពុងរួម រស់ជាមួយគ្នាយ៉ាងសុខដុមរមនា។
គួរបញ្ជាក់ថា ខួប៧០ឆ្នាំថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ខុសពីបណ្ដាឆ្នាំមុនៗ គណបក្សប្រជាជនកម្ពុជាសម្រេចមិនរៀបចំប្រារព្ធពិធីអបអរសាទរឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជំនួសឲ្យការរៀបចំពិធីនៅនឹងកន្លែង គណបក្សតម្រូវឲ្យភាគីពាក់ព័ន្ធ ត្រូវរៀបចំផ្សព្វផ្សាយ Logo បដាពាក្យស្លោក នៅតាមទីកន្លែងជាក់ស្តែង៕