
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរម្លឹកដល់ពលរដ្ឋចិនដែលរស់នៅកម្ពុជាឲ្យប្រយ័ត្នប្រយែងការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ និងជៀសវាងការធ្វើដំណើរដែលមិនបន្ទាន់ឬមិនចាំបាច់។ ស្ថានទូតចិនបានលើកឡើងថា នៅរយៈពេលថ្មីៗនេះការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានៅតែមានភាពស្មុគស្មាញនិងធ្ងន់ធ្ងរ ជាពិសេសមានពលរដ្ឋចិនមិនតិចទេត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ១៩នេះ។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានរម្លឹកជាថ្មីម្តងទៀតដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅកម្ពុជាកុំឲ្យមានការឆ្វេសប្រហែសអោយសោះ ចាំបាច់ត្រូវតែបន្តអនុវត្តវិធីការពារដើម្បីការពារខ្លួនឯងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ។
ស្ថានទូតចិនបានធ្វើការរម្លឹកដល់ពលរដ្ឋខ្លួនថាមិនអាចបន្ធូរបន្ថយវិធានការការពារបានឡើយ បើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ក៏ដោយ គឺសុទ្ធតែត្រូវជៀសវាងការធ្វើដំណើរទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ដើម្បីការពារឆ្លងជំងឺនេះពីអ្នកដទៃ។
ប្រសិនបើអ្នកពិតជាចាំបាច់ត្រូវចេញទៅក្រៅដោយខានពុំបាន សូមប្រាកដប្រជាថាត្រូវអនុវត្តវិធានការពារឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវរក្សាចម្ងាយសុវត្ថិភាពសង្គមលើសពី ១,៥ ម៉ែត្រ និងពាក់ម៉ាស់គ្រប់ពេលវេលាជាប់ជានិច្ចនិង ធ្វើការសម្លាប់មេរោគឲ្យបានទាន់ពេលវេលា។
ស្ថានទូតចិនបន្តថា ប្រសិនបើមានអាការៈគ្រុនក្តៅ ក្អកដង្ហើមខ្លី និងរោគសញ្ញាសង្ស័យដទៃទៀត សូមស្វែងរកការព្យាបាល ឬនៅដាច់ដោយឡែកនៅក្នុងផ្ទះដើម្បីសង្កេតមើលសុខភាព។ ស្ថានទូតចិនបានណែនាំពលរដ្ឋខ្លួនថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ជៀសវាងការធ្វើដំណើរដែលមិនបន្ទាន់ឬមិនចាំបាច់។
ស្ថានទូតដដែលនេះបានថ្លែងថា កាលពីពេលថ្មីៗនេះប្រជាជនចិនដែលចាកចេញពីកម្ពុជាត្រឡប់ទៅកាន់ប្រទេសចិនវិញដែលមានវិជ្ជមានកូវីដ១៩ បានបន្តកើនឡើងជាលំដាប់ ហើយភាគច្រើននៃពួកគេគឺបានឆ្លងជំងឺកូវីដ១៩នៅក្នុងអំឡុងពេលការធ្វើដំណើរនេះឯង៕