
ភ្នំពេញ៖ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៧ មិថុនានេះ បានប្រកាសបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជាលើគម្រោងព្រៃឡង់បៃតង ហើយជំនួយនេះនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរជីវភាពរស់នៅ និងពង្រីកកសិកម្មដែលមិនប៉ះពាល់បរិស្ថាន។ការបញ្ចប់ជំនួយនេះ ដោយអាមេរិកពន្យល់ថា ការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់។
យោងតាមស្ថានទូតអាមេរិកបានគូសបញ្ជាក់ថា ប្រជាជនអាមេរិកនិងកម្ពុជា មានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។
បើតាមស្ថានទូតអាមេរិក សហរដ្ឋអាមេរិកនៅតែមានក្តីកង្វល់ម្តងហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន។ហើយវាជាការគួរឲ្យស្តាយ ដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ។ដូច្នេះសហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន។
តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានប្រកាសថានឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់ខ្លួន និងរបស់ពិភពលោក ដោយរួមទាំងការធ្វើការតាមរយៈកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ។
ជាការឆ្លើយ ក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាគោរពចំពោះការសម្រេចចិត្តរបស់ដៃគូអភិវឌ្ឍន៍ និងអរគុណចំពោះការចូលរួមចំណែកជាមួយកម្ពុជា ផ្តល់ជំនួយបច្ចេកទេសនាពេលកន្លងមកក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់។ ភាគីទាំងពីរបានឯកភាពគ្នា បង្វែរលើកិច្ចសហប្រតិបត្តិការផ្សេងទៀតដែលបន្តបម្រើឱ្យឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។
ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និង សមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។
បើតាមក្រសួងបរិស្ថាន ការបញ្ចប់គម្រោងព្រៃឡង់បៃតងដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ បានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន៕