ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសារាចរណ៍ណែនាំស្តីពី ការលើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០២០ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិតនៅតាមបណ្តាសហគ្រាសនានា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសារាចរណ៍ណែនាំស្តីពី ការលើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់ដំណាច់អតីតភាពការងារក្នុងឆ្នាំ២០១៩ របស់កម្មករខ្មែរ លើផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និង ផ្នែកដទៃទៀត។
បន្ថែមពីនេះ ចំពោះប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០២០ របស់កម្មករលើផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និង ផ្នែកដទៃទៀត ត្រូវអនុវត្តលើការលើកលែងពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់អតីតភាពការងារ មិនលើសពី ៤ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ។
តែយ៉ាងណាក៏ដោយ សម្រាប់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ យល់ឃើញថាវិធានការរបស់រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនបានជួយដល់កម្មករច្រើននោះទេ ដោយសារតែប្រាក់ខែរបស់កម្មករ បើគិតត្រឹមឆ្នាំ ២០២០នេះ ប្រាក់ខែអតីតភាពការងារបើគណនាទៅ មិនគ្រប់ទៅនឹងគោលការរដ្ឋាភិបាលដែលត្រូវកាត់ពន្ធ។
សូមបញ្ជាក់ថា ដោយសារការរាតត្បាតវីរុសកូវីដ-១៩ កំពុងមានការកើនឡើងនៅកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនរោងចក្រមួយចំនួនធ្វើការផ្អាកដំណើរ ហើយកម្មករត្រូវប្រឈមនឹងវិបត្តិគ្មានការងារធ្វើ។