
កំពត៖ រដ្ឋបាលខេត្តកំពត បានច្រានចោលនូវព័ត៌មានដែលផ្សព្វផ្សាយថា បានយកសាកសព ដែលស្លាប់ដោយសារកូវិដ១៩យកទៅប្លុងចោល។ ជាក់ស្តែងអជ្ញាធរ បានចាត់ចែងរៀបចំមេន សម្រាប់បូជាសព នៅកន្លែងឆ្ងាយពីប្រជាពលរដ្ឋ ដោយមិនបានទុកសាកសពប្លុងចោល ដូចសារព័ត៌មានមួយចំនួនចុះផ្សាយខុសពីការពិតឡើយ។
បើតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពត ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានអះអាងថា អាជ្ញាធរស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវ តាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល។
ក្រៅពីការចេញមកបដិសេធពីរដ្ឋបាលខេត្តកំពត លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ក្នុងបណ្តាញតេលេក្រាមថា នេះជាព័ត៌មានមិនពិតទេ។ ក្រុមគ្រូពេទ្យបានដឹកយកទៅដើម្បីចាត់ចែងដុតតាមនិតិវិធី ដោយមិនមែនយកទៅទុកចោលឡើយ។លោកជំទាវបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៌មានមិនពិតនេះ និងផ្តន្ទាទោសតាមផ្លូវច្បាប់ផង៕
