Yearendyearend1140x150

ការនាំចេញកម្ពុជាទៅអាមេរិកកើនជិត៣០%រយៈពេល៤ខែដើមឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឌិ ចិន្តា
/
លោក ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម 

ភ្នំពេញ៖គិតចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២១នេះ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៩០៣ លានដុល្លារអាមេរិក កើនឡើង ជិត៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។នេះ​បើ​យោង​​តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មផ្តល់ជូនដល់សារព័ត៌មានស៊ីស៊ីថាមស៍។ការកើនឡើងនេះ ដោយសារការផលិតរបស់រោងចក្រកម្ពុជាដែលមានគុណភាពធ្វើឱ្យអ្នកបញ្ជាទិញធំៗនៅអាមេរិកមានទំនុកចិត្តលើកម្ពុជា។ 

លោក ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានប្រាប់ស៊ីស៊ីថាមស៍ថា «សម្រាប់ទំនិញមួយចំនួនតួយ៉ាង សម្លៀកបំពាក់បាននាំចេញទៅសហរដ្ឋអាមេរិក កម្ពុជាបង់ពន្ធធម្មតាដែលជាពន្ធលើទំនិញ និងសេវាកម្ម (GST) ស្ថិតនៅចន្លោះពី១២ ទៅ ១៩ភាគរយ។ ដោយឡែកទំនិញប្រភេទកាបូបវិញ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក ដោយមានការអនុគ្រោះពន្ធ GSP ហើយថ្មីៗនេះ ការអនុគ្រោះពន្ធនោះ ត្រូវបានសាបរលត់ផងដែរ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ក៏កំពុងស្នើរទៅអាមេរិកក្នុងការអនុម័តបន្តអនុគ្រោះពន្ធនូវទំនិញនោះឱ្យកម្ពុជាផងដែរ»។

ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោក ប៉ែន សុជាតិ បានកត់សម្គាល់ថា មានល្អប្រសើរជាមួយគ្នា ដែលលទ្ធផលនោះគួរតែត្រូវបានវាយតម្លៃថា ទាំងទំហំពាណិជ្ជកម្មក្ដី ទាំងតួលេខកំណើននៃការនាំចេញ-នាំចូលក្ដី ដែលជាការអនុវត្តដ៏ប្រសើរសម្រាប់ប្រទេសកម្ពុជា និងសហរដ្ឋអាមរិក អាចជាសក្ខីភាពមួយនៃប្រពៃភាពពាណិជ្ជកម្មរវាងភាគីទាំងពីរ ហើយទំនិញដែលបានកម្ពុជាផលិតសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក ទាំងទំនិញដែលស្ថិតនៅប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋ អាមេរិក(GSP) ឬមិនស្ថិតនៅក្នុងប្រព័ន្ធអនុគ្រោះក្ដី ក៏ដំណើរការនៃការបញ្ជាទិញ ក៏នៅតែប្រព្រឹត្តជាធម្មតា ហើយរោងចក្រនៅកម្ពុជានៅតែបន្តផលិតទំនិញសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក តែទោះបីជាស្ថិតក្នុងស្ថានភាពលំបាកនៃវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក្ដី។

លោក ប៉ែន សុជាតិ បានបញ្ជាក់ថា «ជារួមតួលេខនៃទំហំវិស័យពាណិជ្ជកម្មការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជា និងសហរដ្ឋអាមេរិក យើងឃើញថា ក្នុងរយៈពេល ០៤ខែ នៃដើមខែ២០២១នេះ បើធៀបទៅនឹងរយៈពេល ០៤ខែដូចគ្នាក្នុងឆ្នាំ២០២០ ឆ្នាំមុន វាមានកំណើន ២៨.៥២ភាគរយ ដែលជាតួលេខកំណើនទាំងនាំចេញ និងនាំចូល»។ ដោយឡែក ចំពោះការនាំចេញ មានកំណើនរហូតដល់ ២៩.៥៣ភាគរយ។ 

មូលហេតុចម្បងៗ លោក ប៉ែន សុជាតិ ពន្យល់ថា កម្ពុជាអាចនៅតែជាប្រភពនាំចូលទំនិញមួយសំខាន់សម្រាប់សហរដ្ឋអាមេរិក គឺដោយសារ៖ ទីមួយគឺ គុណភាពទំនិញអាចទុកចិត្តបាន , ទីពីរគឺ ការផលិតទាន់ពេលវេលា និងស្របតាមតម្រូវការ ទោះបីស្ថិតក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ក្ដី និងទីបីគឺ កម្ពុជាបន្តរក្សាលក្ខខណ្ឌពលកម្មបានសម្រាប់កម្មករ-កម្មការិនី បុគ្គលិកធ្វើការសមស្រប។ ម្យ៉ាងទៀត កម្ពុជានឹងនៅតែប្រកាន់ខ្ជាប់ថា ខ្លួនជាប្រទេសមួយដែលយកចិត្តទុកដាក់ផ្សារភ្ជាប់ពាណិជ្ជកម្ម ទៅនឹងលក្ខខណ្ឌពលកម្ម ដោយការអនុវត្តតាមលក្ខខណ្ឌពលកម្មល្អ ឱ្យបានខ្ជាប់ខ្ជួនតាមតម្រូវការ និងចូលរួមជាមួយអង្គការពលកម្មអន្តរជាតិ(ILO) គ្មានការបំពានលើពលកម្មកុមារ គោរពម៉ោងធ្វើការជាដើម ដែលធ្វើឱ្យប្រាក់បៀរវត្ស៍កម្រិតខ្ពស់ជាងគេ និងមានតម្លាភាពផងដែរ។

យោងតាមសមាគមកាត់ដេរកម្ពុជា គិតមកដល់ពេលបច្ចុប្បន្ននេះ មិនមានការធ្លាក់ចុះក្នុងការបញ្ជាទិញនៅតាមរោងចក្រនីមួយៗ ហើយក៏មិនមានការលុបចោលនូវការបញ្ជាទិញទេ។ការមិនធ្លាក់ចុះនេះ ដោយសារតែមានតែអនុគ្រោះយោគយល់ពីអ្នកបញ្ជាទិញអាមេរិក ចំពោះអាជីវករនៅសហគ្រាសកម្ពុជា ដោយវិបត្តិកូវីដ-១៩ ក្ដី ក៏កម្ពុជានៅតែរក្សាឈ្មោះល្អ ដែលជាប្រភពមួយសំខាន់ក្នុងការនាំចេញទំនិញទៅអាមេរិកបាន។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមេសា ការនាំចេញសរុបរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៩០៣លានដុល្លារអាមេរិកដែលកើនឡើង ជិត៣០ ភាគរយ ដោយឆ្នាំមុនក្នុងរយៈពេលដូចគ្នាគឺមានទំហំសាច់ប្រាក់១៤៦៩លានដុល្លារអាមេរិក។ ការនាំចូលរបស់កម្ពុជាពីសហរដ្ឋអាមេរិកមានចំនួនសរុប ៩៤លានដុល្លារ កើនឡើង១១ ភាគរយ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង