ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១ មិថុនា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ក្នុងកិច្ចពិភាក្សានោះលោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំង លើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងពិភាក្សាការងាររវាងសម្តេច ហ៊ុន សែន លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំង លើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។
សម្រាប់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ យល់ឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយ នៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ លោកស្រីអនុរដ្ឋមន្រ្តី បានអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសដែលមានតុល្យភាព និងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោកស្រីបានសុំការបំភ្លឺពីសម្តេច ហ៊ុន សែន ពីលើការវាយកំទេចអគារចំនួន ២ ដែលបានទទួលជំនួយថវិកាពីសហរដ្ឋអាមេរិក នៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន។
ចំពោះក្តីកង្វល់របស់លោកជំទាវ Wendy R. Sherman ទាំងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក និងសេចក្តីប្រកាសព័ត៌មានពីភាគីកម្ពុជា មិនបានលើកឡើងពីការឆ្លើយតបរបស់សម្តេច ហ៊ុន សែននោះទេ។
តែយ៉ាងណាក៌ដោយ កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានថ្លែងសារជាច្រើនដងហើយថា«កម្ពុជាជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ និងមិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន»។
សម្តេចបានសង្កត់ធ្ងន់ថា កំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់មិត្តភក្តបរទេសទាំងឡាយ។សម្តេចថា "មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា។ យើងមិនមែនធ្វើតែជាមួយចិនទេ។ អាមេរិកចង់ធ្វើ ក៏សូមអញ្ជើញ!"៕