ភ្នំពេញ៖ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានរៀបចំកិច្ចប្រជុំ និងចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុន E-School Cambodia នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។
លោក អ៊ុំ លឹមហួរ ជាប្រធានសមាគមនិស្សិត អាណត្តិទី៤ និងជាសមាជិកក្រុមប្រឹក្សានិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន តំណាងឲ្យសមាគមនិស្សិត និង លោក អ៊ុយ ប៊ុនតារា អគ្គនាយកក្រុមហ៊ុន E-School Cambodia តំណាងឲ្យក្រុមហ៊ុន បានព្រមព្រៀងគ្នាក្នុងកិច្ចសហប្រតិបត្តិការដូចខាងក្រោម៖
1. ស្វែងរកកិច្ចសហប្រតិបត្តិការ ឬទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ឬ ស្ថាប័ន ក្រុមហ៊ុនផ្សេងៗ នៅក្នុងប្រទេសចិន។ 2. ជម្រុញ និងផ្សព្វផ្សាយឱ្យនិស្សិតដែលត្រៀមទៅសិក្សានៅប្រទេសចិន ប្រើប្រាស់សេវាសិក្សាតាម Online របស់ E-School Cambodia ។ 3. ក្នុងការផ្តល់អាហារូបករណ៍ ឬបញ្ចុះតម្លៃដល់និស្សិតដែលចុះឈ្មោះសិក្សាថ្នាក់ភាសាចិនតាមរយៈសេវាសិក្សាតាម Online របស់ E-School Cambodia ។
4. តម្លើង និងរៀបចំ ACSC APP សម្រាប់ ស.ន.ក.ច. ព្រមទាំងក្នុងការប្រឹក្សាយោបល់ និងផ្តល់ជាជំនួយបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយនានា របស់ ស.ន.ក.ច.។ 5. យល់ព្រមបង្កើតកម្មវិធីរួមគ្នា ដោយជ្រើសរើសប្រធានបទរបស់កម្មវិធី សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់យុវជន ព្រមទាំងរៀបចំសិក្ខាសាលារួមគ្នា ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដល់សិស្សនិស្សិតនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។ 6. យល់ព្រមទទួលបណ្តុះបណ្តាលផ្នែកផ្សព្វផ្សាយដល់សមាជិក ស.ន.ក.ច. តាមការចាត់តាំងរបស់សមាគម និងចូលរួមឧបត្ថម្ភ និងគាំទ្រនូវកម្មវិធីមនុស្សធម៌ដែលរៀបចំឡើងដោយសមាគមនិស្សិត។
សូមបញ្ជាក់ថា៖ សមាគមនិស្សិតកម្ពុជា ត្រូវបានបង្កើឡើងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ ដែលមានលោក អ៊ុំ វុទ្ធទី ជាស្ថាបនិក និងជាប្រធានកិត្តិយស បច្ចុប្បន្នមាននិស្សិតចំនួន ២២០០នាក់ នៅទូទាំង ២៣ខេត្តក្រុងនៃប្រទេសចិន និង ក្រុមហ៊ុន E-School Cambodia ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០១៨ ដែលមានលោក ឈន ឈុនឡេង ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល។ E-School Cambodia បានចូលរួមចំណែកក្នុងវិស័យអប់រំ តាមរយៈការសិក្សាតាមប្រព័ន្ធ Online លើ ២ម៉ឺនមុខវិជ្ជា ទាំងថ្នាក់ជំនាញ និងភាសា ដែលចំនួនlike និង user ជាង ១លាននាក់។
លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគម និងលោក លន់ បូរី សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-School Cambodia បានបេជ្ញារួមគ្នាក្នុងការអនុវត្តលើកិច្ចព្រមព្រៀងនេះ អោយបានជោគជ័យ ដើម្បីជាផលប្រយោជន៍ដល់បងប្អូនយុវជន និងសង្គមជាតិ ក្នុងការចូលរួមចំណែកការបណ្ដុះបណ្ដាលវិស័យអប់រំនៅកម្ពុជា៕