ភ្នំពេញ៖មូលនិធិ GX Foundation ហុងកុងប្រទេសចិន នៅថ្ងៃទី៧ ខែកក្កដា បានប្រគល់សម្ភារទប់ស្កាត់ជំងឺកូវីដ-១៩មួយចំនួនដល់ក្រសួងសុខាភិបាលកម្ពុជាដោយមានការអញ្ជើញចូលរួមពីលោក Leung Chun-ying ប្រធានមូលនិធិ GX Foundation ហុងកុងប្រទេសចិន, ឯកឧត្តម Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា។
ឯកឧត្តម Wang Wentian បានលើកឡើងថា ភាគីចិនមានអារម្មណ៍ដូចគ្នាចំពោះបច្ចុប្បន្នភាពនៃជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា បន្តខិតខំបង្កើនកម្លាំងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសជាមួយភាគីកម្ពុជា។ រហូតមកដល់ពេលនេះភាគីចិនបានផ្តល់វ៉ាក់សាំងកូវីដជូនដល់ភាគីកម្ពុជាមានចំនួនសរុប១១.៧លានដូស នឹងបន្តផ្តល់ជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្រ្ត និងសម្ភារគាំទ្រជាច្រើនទៀតជូនដល់កម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ក្រោមការដឹកនាំលោក Leung Chun-ying ប្រធានមូលនិធិ GX Foundation បានចូលរួមជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុសមួយនេះ នេះមិនត្រឹមតែរួមចំណែកថ្មីសម្រាប់ចំណងមិត្តភាពរវាងចិននិងកម្ពុជាតែប៉ុណ្ណោះទេ ក៏ជាការអនុវត្តដ៏សំខាន់ក្នុងការកសាងសហគមន៍សុខភាពសម្រាប់មនុស្សជាតិផងដែរ។
លោក Leung Chun-ying មានប្រសាសន៍ថា ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស មូលនិធិ GX Foundation បានចាប់ផ្តើមពីដំណើរចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ បានចាត់ចែងកិច្ចការពិសេសនានា ប្រមូលសម្ភារទប់ស្កាត់ជំងឺវីរុសកូវីដដែលមានទម្ងន់សរុប២០តោនប្រគល់ជូនភាគីកម្ពុជាយ៉ាងឆាប់រហ័សនិងទាន់ពេលបំផុត ក្នុងនោះក៏មានម៉ាស៊ីនអុកស៊ីសែនចំនួន៣០០គ្រឿងផងដែរ។ ជឿជាក់ថាទាំងនេះនឹងជួយដល់កម្ពុជាបង្កើនសមត្ថភាពក្នុងការតបទល់លើជំងឺវីរុសមួយនេះប្រកបដោយប្រសិទ្ធភាព។ មូលនិធិ GX Foundation ហុងកុងនឹងបន្តចូលរួមជាកម្លាំងក្នុងការជំរុញចំណងមិត្តភាពរវាងប្រជាជនទាំងពីរ យកចិត្តទុកដាក់និងគាំទ្រដល់វិស័យសុខាភិបាលក្នុងការទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ម៉ម ប៊ុនហេង បានអំណរគុណដល់រដ្ឋាភិបាលចិន និងគ្រប់មជ្ឈដ្ឋាននៃសង្គមដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ផ្តល់ជាជំនួយក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមបញ្ចូលទាំងការចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រមកកាន់ប្រទេសកម្ពុជា និងជំនួយសាងសង់មន្ទីរពិសោធន៍តេស្តរកជំងឺវីរុសដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុជាដើម។ ជាពិសេសនោះគឺ ចិនបានផ្តល់វ៉ាក់សាំងជាច្រើនជូនដល់ភាគីកម្ពុជា គាំទ្រកម្ពុជាក្នុងការសម្រេចនូវគោលដៅចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ទៅដល់ប្រជាជនឱ្យបាន១០លាននាក់ យ៉ាងឆាប់បំផុត។
គួរបញ្ជកា់ថា សម្ភារដែលមូលនិធិ GX Foundation ហុងកុងប្រទេសចិន ប្រមូលពីបណ្ដាភាគី និងបានប្រគល់សម្ភារៈទប់ស្កាត់ជាច្រើនជូនដល់ភាគីកម្ពុជាក្នុងនោះរួមមាន ម៉ាស៊ីនអុកស៊ីសែន៣០០គ្រឿង ម៉ាសវេជ្ជសាស្រ្ត១លានបន្ទះ អាវវេជ្ជសាស្រ្ត៣ម៉ឺនសម្រាប់ ស្រោមដៃវេជ្ជសាស្រ្ត១៦ម៉ឺន វែនតាការពារ១ម៉ឺន របាំងការពារ១ម៉ឺនជាដើម ដែលមានទឹកប្រាក់សរុបប្រហែល៥០ម៉ឺនដុល្លារអាមេរិក៕