
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ១៨ ឧសភានេះ បានប្រកាសជំហរគាំទ្រប្រទេសអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោះស្រាយជម្លោះគ្នាដោយសន្តិវិធី។ការប្រកាសនេះ គឺបន្ទាប់ពីសង្រ្គាមវាយប្រហារគ្នាដ៏ក្តៅគគុក រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បានបណ្តាលឱ្យប្រជាជនស៊ីវិលរាប់រយនាក់បានស្លាប់បាត់បង់ជីវីត។
ឯកឧត្តម គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ប្រទេសកម្ពុជាតែងតែប្រកាន់ជំហរគាំទ្រឱ្យប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោះស្រាយជម្លោះគ្នាដោយសន្តិវិធី ហើយការដោះស្រាយនេះត្រូវផ្អែកលើកកិច្ចព្រមព្រៀវនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមក។សម្រាប់ឯកឧត្តម គុយ គួង ជំហររបស់កម្ពុជានេះ គឺមានតាំងពីមុនបន្តរហូតមកដល់ពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា សង្រ្គាមវាយប្រហារគ្នា ដ៏ក្តៅគគុក រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានសម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ជាច្រើនរយនាក់នៅតំបន់ហ្កាហ្សា។កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារសងសឹក ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលនៅបន្តបាញ់រ៉ុកកែត ផ្លោងចូលទឹកដីអ៊ីស្រាអែល។បច្ចុប្បន្នប្រទេសអ៊ីស្រាអែល កំពុងរងការរិះគន់ពីអន្តរជាតិផងដែរ៕