
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាមិនទាន់អាចធ្វើការវាយតម្លៃពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈបាននៅឡើយទេ បើទោះបីចំនួនអ្នកឆ្លងថ្មីធ្លាក់ចុះក៏ដោយ។សម្រាប់ក្រសួងសុខាភិបាលជោគជ័យលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឬមិនជោគជ័យគឺអាស្រ័យលើប្រជាពលរដ្ឋ និងសហគមន៍ទាំងអស់។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហើបពីក្តីសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសអាចនឹងវិលត្រលប់មកភាពល្អប្រសើរវិញ ក្រោយឃើញថា ចំនួនឆ្លងថ្មីនាពេលប៉ុន្មានថ្ងៃមកនេះ មានការធ្លាក់ចុះច្រើន ប៉ុន្តែចំនួនជាសះស្បើយវិញមានកំណើនគួរឲ្យកត់សម្គាល់។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនិងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកលើកិច្ចការងារទិញវ៉ាក់សាំងផងដែរនោះបានលើកឡើងថា ក្រសួងមិនទាន់អាចវាយតម្លៃបានទេចំពោះស្ថានភាពកូវីដ១៩ ប៉ុន្តែជោគជ័យលើព្រឹត្តិការសហគមន៍២០ កុម្ភៈនេះ ឬមិនជោគជ័យគឺអាស្រ័យលើប្រជាពលរដ្ឋ និងសហគមន៍ទាំងអស់ ចូលរួមតាមរយៈការបន្តអនុវត្តតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាដើម ជាមួយនឹងការចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់២ដូស។
ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃមានការធ្លាក់ចុះ ប៉ុន្តែអ្នកជាសះស្បើយកើនឡើងខ្លាំង ក្នុងនោះថ្ងៃខ្លះ ឆ្លងថ្មីចំនួនត្រឹមជាង៣០០នាក់ តែជាសះស្បើយវិញ មានដល់ទៅជាង១ពាន់នាក់៕