ភ្នំពេញ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានរៀបចំពិធីសំណោះសំណាល និងប្រគល់នូវប័ណ្ណសរសើរជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិនចំនួន៣២រូប ក្រោមអធិបតីភាពលោក ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោក សុក ហ៊ុយ តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានៅកម្ពុជា លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិត លោក អ៊ុ លឹមហួរ ប្រធានសមាគមនិស្សិតអាណត្តិទី៤។
ក្នុងរយៈពេល១ខែកន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន បានឈរជើងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យ សរុបប្រមាណ៧០០០នាក់ សម្រាប់ដូសទី១ និងដូសទី២ ក្នុងយុទ្ធនាការចាក់វ៉ាក់សាងកូវីដ-១៩ វគ្គទី១ ។
លោក ហោ សរីវឌ្ឍន៍ បានធ្វើការកោតសរសើរ លើកទឹកចិត្ត និងវ៉ៃតម្លៃការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន ក្នុងការទទួលបានភាពជោគជ័យក្នុងយុទ្ធនាការវគ្គទី១ ព្រមទាំងពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ (TYDA) ចំពោះសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត ដែលមានឆន្ទះ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវដី-១៩ នៅកម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន បានកំពុងត្រៀមកម្លាំងបន្ថែម ដើម្បីបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ វគ្គទី២ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឲ្យបានរួចរាល់ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីកាត់ផ្តាច់ចរន្តរាតត្បាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍២០ កុម្ភៈ៕