
ភ្នំពេញ៖ កម្លាំងនគរបាលជាតិកងអន្តរាគមន៍ប្រមាណជាង ៨០ នាក់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។កម្លាំងអន្តរាគមន៍ជាង៨០នាក់ ជាក្រុមប្រចាំការនៅតំបន់ក្រហមដែលជាទីតាំងសំបូរប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ នៅរសៀលថ្ងៃទី ១០ ឧសភានេះថា កងកម្លាំងនគរបាលជាតិកងអន្តរាគមន៍ពិតជាបានឆ្លងជំងឺកូវីដ-១៩ ពិតប្រាដកមែន។ហើយកងកម្លាំងទាំងអស់នោះ ជាក្រុមការងារប្រចាំការនៅក្នុងតំបន់ក្រហមចំណុចច្រមុះជ្រូកស្ទឹងមានជ័យ រាជធានីភ្នំពេញ។ចំពោះប្រភពចម្លងវិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មិនបានដឹងនោះទេ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្លែងថា "ឆ្លង៤៤នាក់ បូកសរុបជាមួយនិងនគរបាលអន្តរាគមន៍ទាំងអស់ទៅប្រហែលជាជាង ៨០នាក់កន្លងទៅ"
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ធ្លាប់បានអះអាងថា កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីមូលដ្ឋានមួយចំនួន បានឆ្លងជំងឺកូវីដ១៩ ពេលចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ពេលរាជធានីភ្នំពេញ។
លោក កើត ឆែ បានថ្លែងថា មានមន្ដ្រីមួយចំនួនទៀតដែលយាម ឬប្រចាំការនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ ក៏បានឆ្លងដូចគ្នាផងដែរ និង មន្ដ្រីមួយចំនួនទៀត ក៏កំពុងជាប់ចត្តាឡីស័ក។
គួរបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១០ ខែឧសភា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៩,៧៤៣នាក់ ជាសះស្បើយសរុបចំនួន ៧,៨២០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១១,៩២៣នាក់ ហើយករណីស្លាប់ ១២៦នាក់។អ្នកឆ្លងភាគច្រើននៅក្នុងរាជធានីភ្នំពេញ៕