.jpg?1580978343)
ភ្នំពេញ៖ សម្តេចនាយរកដ្ឋមន្រ្តី ហ៊ុន សែន បានទៅដល់ក្រុងប៉េកាំងកាលពីល្ងាចថ្ងៃពុធ ដើម្បីជួបមេដឹកនាំកំពូលៗរបស់ចិនស្វែងយល់ពីសុខទុក្ខក្រុមនិស្សិតខ្មែរ និង ពិភាក្សាគ្នាពីស្ថានភាពនៃមេរោគឆ្លងកូរ៉ូណា។ដំណើរទស្សនកិច្ចនេះ អ្នកវិភាគនយោបាយនៅកម្ពុជា ចាត់ទុកវត្តមានរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែននៅចិននេះ គឺវាហាក់ដូចជាចាក់ចំបេះដូងថ្នាក់ដឹកនាំ និងប្រជាជនចិន ហើយធ្វើទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងរឹតតែប្រសើរឡើងបន្ថែមទៀត។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិតគិន ភា បានលើកឡើងថា ទស្សនកិច្ចសម្តេច ហ៊ុន ទៅទៅរាជធានីក្រុងប៉េកាំងនឹងជំរុញឱ្យទំនាក់ទំនងរវាកម្ពុជា និងចិនឈានទៅបើកទំព័រថ្មីមួយកម្រិតថែមទៀត។
លោកបញ្ជាក់ដូច្នេះថា៖« សម្រាប់ខ្ញុំយល់ថា វាជាការបើកនូវទំព័រសករាជថ្មីមួយទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងចិនដូចដែលយើងបានដឹងហើយថា ខណៈដែលប្រទេសស្ទើរតែជុំវិញចិន និងរំលងពីតំបន់ផងដែរ សុទ្ធតែខ្លាចញញើតចំពោះវីរុសកូរ៉ូណាថ្មីនេះ។ ប៉ុន្តែផ្ទុយទៅវិញ ឥរិយាបថការទូតដ៏ក្លាហានរបស់សម្តេចនេះ គឺមានន័យថា វាហាក់ដូចជាចាក់ចំបេះដូងថ្នាក់ដឹកនាំ និងប្រជាជនចិន»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ក៏បានអះអាងឱ្យដឹងដែរថា សកម្មភាពរបស់សម្តេចហ៊ុន សែននេះ គឺនាំឱ្យកម្ពុជាទាញបានផលចំណេញច្រើនណាស់ពីមហាយក្សចិន ដូចជា វាការបង្ហាញពីភក្តីភាពដូចដែលបានលើកឡើងថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន។ ម្យ៉ាងវិញទៀត វាក៏ជាការបង្ហាញដល់ភាគីចិនដែរថា កម្ពុជាស្គាល់មិត្តភក្តិក្នុងគ្រាលំបាកដោយមិនរត់ចោលគ្នានោះឡើយ ហើយក៏អាចទាញបានការវិនិយោគជាច្រើនបន្ថែមទៀតពីចិនផងដែរ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នបានគូសបញ្ជាក់ថា ដំណើរទៅកាន់ចិនរបស់សម្តេចហ៊ុន សែន គឺមានផលចំណេញដល់ទៅពីរ គឺទី១ ដើម្បីទៅសាកសួរពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាក្រុមនិស្សិតខ្មែរនៅចិន។ ទី២ គឺដើម្បីរឹតចំណងទាក់ទងបន្ថែមរវាងកម្ពុជា និងចិន ជាពិសេសក្នុងពេលចិនជួបការលំបាក។
លោកអះអាងថា៖ «យើងដឹងហើយថា ទំនាក់ទំនងរវាងកម្ពុជាជាមួយចិន វាជាទំនាក់ទំនងពិសេស អ៊ីចឹងទេយើងទាំងពីរ គឺរួមសុខរួមទុក្ខជាមួយគ្នា។ អ៊ីចឹងទាំងពេលសប្បាយក៏ជាមួយគ្នា ទាំងពេលដែលមានបញ្ហាលំបាកក៏នៅតែរួមគ្នាដែរមិនរត់ចោលគ្នា អាហ្នឹងវាជាបញ្ហាគោលជំហរឥតងាករេរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ»។
ក្នុងជំនួបជាមួយសម្តេចហ៊ុន សែន ប្រធានាធិបតីចិន ស៊ី ជីងពីង បានសម្តែងការអរគុណចំពោះសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាដែលបានទៅទស្សនកិច្ចនៅចិន។
លោកចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីថា គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ ជាមួយគ្នានេះ លោកស៊ី ជីងពីង ក៏បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ៕
