ភ្នំពេញ៖ក្នុងសន្និសីទអន្តរជាតិ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីថា "កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាព សម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ហើយកម្ពុជាចាត់ទុកឧក្រិដ្ឋកម្មថ្មីនេះ គឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។
ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច អញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) នៅថ្ងៃទី ២៣ កញ្ញា ២០២៦។
នៅចំពោះមុខមន្ត្រី និងឥស្សរជន ជាតិ-អន្តរជាតិ ជាច្រើនប្រទេស សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសការពារភាពស្អាតស្អុំរបស់កម្ពុជា ដែលរងគ្រោងដោយសារ Online Scams ដោយបានបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧លាននាក់។ សម្រាប់សម្តេច ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្ដើមនៅក្នុងកម្ពុជានោះទេ។តែ Online Scamsនេះ បានជ្រាបចូលកម្ពុជាតាមច្រក អចលទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្ដាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ។
ទំនងជាចង់ប្រឆាំងការឈ្លានពានពីថៃនៅតាមព្រំដែន សម្តេច ហ៊ុន ម៉ាណែត បានប្រាប់អន្តរជាតិថា កម្ពុជាទទួលខុសត្រូវទាំងស្រុងលើ Online Scams នៅព្រំដែនរបស់កម្ពុជាដោយការអនុវត្តច្បាប់របស់កម្ពុជា និងការស្ដារឡើងវិញនៃបូរណភាពជាតិនៃយុត្តាធិការជាតិ។
សម្តេចចាត់ទុកការអនុវត្តច្បាប់ ចំពោះកិច្ចការប្រយុទ្ធប្រឆាំង Online Scams គឺជាកាតព្វកិច្ចសន្ដិសុខជាតិអចិន្រ្តៃយ៍ ដែលមិនមែនគ្រាន់តែជាយុទ្ធនាការ ដើម្បីផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ តែជាកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុងចេញពីកម្ពុជា។