
ព្រះសីហនុ៖ ស្រ្តីជាកម្មការនីរោងចក្រម្នាក់ ដែលបម្រើការងារក្នុងខេត្តព្រះសីហនុបាន បានរត់គេចពីតំបន់បិទខ្ទប់ឆ្លងពីខេត្តដែលខ្លួនបម្រើការងារចូលមកខេត្តស្ទឹងត្រែង ខណៈខ្លួនមានវិជ្ជមានកូវីដ១៩។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង ទាំងដែលលទ្ធផលមានវិជ្ជមានកូវីដ-១៩។
ប្រភពដដែលបានឱ្យដឹងថា អ្នកជំងឺរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នាចំនួន ២០នាក់បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារក្នុងខេត្តព្រះសីហនុផងដែរ។
ខាងរដ្ឋបាលខេត្ត បានបញ្ជាក់ថា ទង្វើរបស់បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
គួររំលឹកថា ភូមិសាស្រ្តក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ជាតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងទប់ស្កាត់ជំងឺនេះមិនឱ្យរាល ដាលទៅតំបន់ផ្សេងទៀត។
ទាក់ទិននឹងករណីការរត់គេចវេសពីការធ្វើចត្តាឡីស័ករបស់ស្រ្តីរូបនេះ អាចនឹងមានទោស ខណៈអភិបាលខេត្តព្រះសីហនុស្នើឱ្យចាត់វិធានការច្បាប់ចំពោះបុគ្គលល្មើសខាងលើឱ្យបានតឹងរ៉ឹងបំផុត។
យោងតាមមាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចែងថា អ្នកគេចវេះពីការធ្វើចត្តាឡីស័ក ត្រូវដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀលទៅ ១០ លានរៀល ។
សូមជម្រាបជូនថា តុលាការខេត្តព្រះសីហនុ ក៏ធ្លាប់បានបានចោទប្រកាន់ និងស្នើឲ្យឃុំខ្លួនពលរដ្ឋ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមហេតុផលថា ពួកគេគេចចេញកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ៕