
ភ្នំពេញ៖ គុណភាពនៃសិក្សារបស់សិស្សនិងនិស្សិតភាគច្រើននៅក្នុងពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះ ខណៈឪពុកម្តាយមួយចំនួនមានជីវភាពខ្វះខាតក្នុងពេលបិទខ្ទប់នៅក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលនាំឱ្យសិស្សឯកជនមួយចំនួនបានបោះបង់ចោលនូវការសិក្សាប្រហែលជា២០% និងសិស្សានុសិស្សាប្រហែល៣០%បានផ្អាកនូវការបង់ប្រាក់។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចាប់តាំងពីសម័យកូវីដមានសិស្សឯកជនមួយចំនួនបានបោះបង់ចោលនូវការសិក្សាប្រហែលជា២០% និង សិស្សានុសិស្សាប្រហែល៣០%បានផ្អាកនូវការបង់ប្រាក់។
បើតាមលោកបណ្ឌិត ហេង វ៉ាន់ដា ក្នុងកំឡុងពេលនៃការរឹតត្បិតខ្លាំង ជាពិសេសក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ សិស្ស ឬនិស្សិតភាគច្រើនជួបនូវផលប៉ះពាល់ដល់គុណភាពនៃការសិក្សា ស្របពេលដែលអាណាព្យាបាល ឬឪពុកម្តាយមួយចំនួនមានជីវភាពខ្វះខាតក្នុងកំឡុងពេលបិទខ្ទប់។
លោកបណ្ឌិតបន្តថាការសិក្សាតាមអនឡាញក្នុងពេលបច្ចុប្បន្ន មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ គុណវិបត្តិរបស់សិស្ស ឬនិស្សិតណាដែលមិនខំប្រឹងរៀន គួបផ្សំសេវាអ៊ីនធឺណេតនៅតំបន់ខ្លះមិនដើរផង សិស្សអាចមិនរៀន ឬមិនសូវបានរៀន ចំណែកសិស្សដែលយកចិត្តទុកដាក់រៀននៅតែរៀនដដែល។ សិស្សខ្លះជួបការលំបាកក្នុងការរៀនសូត្រ គួបផ្សំនឹងអាណាព្យាបាលឪពុកម្តាយកំពុងជួបការលំបាកជាពិសេសនៅក្នុងទីក្រុងភ្នំពេញផ្ទុះកូវីដខ្លាំងខ្លា ជួបនូវវិបត្តិគ្រួសារធ្វើឲ្យមានភាពរដាក់រដុប។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏មិនមានជម្រើសអ្វីដែលល្អប្រសើរក្រៅពីការសិក្សាតាមអនឡាញដែរ។

តែយ៉ាងណាក៏ដោយ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គុណភាពអប់រំជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កតា្តសង្គមសំដៅដល់សង្គមសាលារៀន សង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។ ដូច្នេះសង្គមគ្រួសារមានតួនាទីសំខាន់មួយក្នុងការជួយពង្រឹងការរៀនសូត្រ មុន និងក្នុងបរិការណ៍កូវីដ-១៩។ ដូចនេះ គុណភាពអប់រំ អាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕