
ភ្នំពេញ៖ លោក កៅ ថាច សមាជិកយុវជនថ្នាក់កណ្តាលផ្នែកសហគ្រិនវ័យក្មេង នៅថ្ងៃទី០៨ ខែឧសភា បានចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ កម្មពិធីនេះ មានការចូលរួមដោយលោក ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា , លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ។

លោក កៅ ថាច បានលើកឡើងថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេងលើកទី ២ នេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗ តែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។ លោក ក៏បានបង្ហាញនូវជំហរក្នុងការសហការរវាងផ្នែកសហគ្រិនវ័យក្មេងនៃយុវជនថ្នាក់កណ្តាល និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ លោក បន្តថា ការរៀបចំជំនួបនេះ ធ្វេីអោយសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ, សហគ្រិនវ័យក្មេងដែលមាននវានុវត្តន៍ថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប, ព្រមទាំងសហគ្រាសដែលគាំទ្រដល់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជំនួបសហគ្រិនវ័យក្មេងលើកទី២នេះ ដើម្បីផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសក្នុងស្រុកក្នុងការទទួលបានហិរញ្ញប្បទានក្នុងអាជីវកម្ម ហើយកម្មវិធីនេះនឹងរៀបចំជាបន្តបន្ទាប់ទៀតរហូតដល់ចុងឆ្នាំ២០២៥ ដោយទទួលបានការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ពីធនាគារ ARDBផងដែរ៕