
បាត់ដំបង៖ សមត្ថកិច្ចឃាត់ឃាត់រថយន្តមួយគ្រឿង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រកឃើញសាច់ជ្រូកទំងន់ ៦០០គីឡូក្រាម គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
សមត្ថកិច្ចខេត្តបាត់ដំបង សហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង បានចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីបានឃាត់រថយន្ត និងសាកសួរ សមត្ថកិច្ចបានធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាពទាំងនេះ នៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជៀសវាងការនាំចូលធ្វើឲ្យប្រជាពលរដ្ឋបរិភោគខូចសុខភាព៕


