Cctimesw1140xh150cm copy

ស្រ្តីម្នាក់«​វិជ្ជមានកូវីដ»ក្រោយជូនប្តីទៅព្យាបាលជំងឺនៅ«មន្ទីរពេទ្យ​ព្រះ​កុសុមៈ»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តមណ្ឌលគិរី​៖ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ ជាស្រ្តីអាយុ ៥១ឆ្នាំ ដែលធ្លាប់មានប្រវត្តិជូនប្ដីទៅមន្ទីរព្រះ​កុសុមៈ​ ហៅពេទ្យលោកសង្ឃ​ ដើម្បីព្យាបាលជំងឺរបស់ប្ដី ហើយនេះគឺជាករណីដំបូងដែលមានអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តខេត្តមណ្ឌលគិរីផងដែរ។ 

រដ្ឋបាលខេត្តមណ្ឌលគិរី គូសបញ្ជាក់ថា ករណីឆ្លងដំបូងលើស្រ្តី អាយុ ៥១ឆ្នាំ នៅខេត្តមណ្ឌលគិរីមួយនេះ ដែលទើបតែរកឃើញនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  មានឈ្មោះថា «គិន សម្ព័ស»  រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 

បើតាមការបញ្ជាក់របស់ស្រ្តីជាអ្នកជំងឺផ្ទាល់ «គិន សម្ព័ស» បានអះអាងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រុមគ្រួសាររបស់ខ្លួន បានធ្វើដំណើរជូនប្ដីឈ្មោះ «គឹម សារ៉េត» ទៅព្យាបាលជំងឺនៅ«មន្ទីរពេទ្យព្រះកុសមៈ» ហៅពេទ្យលោកសង្ឃ នៅទីក្រុងភ្នំពេញ មានអ្នករួមដំណើរជាមួយចំនួន ០៥នាក់ រួមមាន៖ ១) ឈ្មោះ ជ័យ ស៊ីនាថ ភេទប្រុស មុខរបរ បុគ្គលិកមន្ទីរពេទ្យខេត្ត ២) ឈ្មោះ អ៊ិន សុភាព ភេទស្រី ត្រូវជាកូនប្រសារ ៣) ឈ្មោះ គឹម សារ៉េត ភេទប្រុស អ្នកជំងឺ ៤) ឈ្មោះ លាង ណាត ភេទប្រុស ត្រូវជាក្មួយ និង ៥) ឈ្មោះ ឈួន ជានី ភេទប្រុស ម្ចាស់រថយន្ត ។

ក្រោយមក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង៣ និង០០នាទី  ត្រូវបានមន្ទីរពេទ្យព្រះកុសមៈ បញ្ជូនប្ដីរបស់ស្រ្តីខាងលើ «គឹម សារ៉េត» តាមរថយន្តសង្គ្រោះ«ពហុព្យាបាលមានជ័យ» មានលេខទូរស័ព្ទ ០១០ ៦០ ៦០ ៨៩ និង ០៦៨ ២២ ២២ ៦៩ មកកាន់«ខេត្តមណ្ឌលគិរី»វិញ។ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យខេត្តមណ្ឌលគិរី បានចុះដល់ផ្ទះយកវត្ថុសំណាកគ្រួសារចំនួន ០២នាក់ គឺ ១) ឈ្មោះ គិន សម្ព័ស និង ២) ឈ្មោះ អ៊ិន សុភាព ទៅពិនិត្យ។ បន្ទាប់មកទៀត នៅថ្ងៃទី២២ ខែមេសា នេះ យោងតាមលទ្ធផលបញ្ជាក់ដោយ«មន្ទីរពេទ្យព្រះកេតុមាលា» អះអាងថា ស្រ្តីជាប្រពន្ធ ឈ្មោះ គិន សម្ព័ស អាយុ ៥១ឆ្នាំ មានវិជ្ជមានកូវី៥-១៩ ។ បច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរីហើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានជូនដំណឹងអំពាវនាវដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកវត្ថុសំណាកទៅពិនិត្យ ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ដោយតាមដានសុខភាពរបស់ខ្លួន។ ប្រសិនបើមានកំដៅ លើសពី ៣៧,៥អង្សាសេ ហើយក្អក ហៀរសំបោរ ឈឺបំពង់ក និងពិបាកដកដង្ហើម សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិត នៅជិតកន្លែងបងប្អូនរស់នៅ។ សូមពលរដ្ឋទាំងអស់ ចូលរួមសហការ អនុវត្តនូវវិធានការពារ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល និងសូមមេត្តាចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង