Yearendyearend1140x150

ក្នុង១ថ្ងៃតម្រូវការ«សាច់ជ្រូក»នៅកម្ពុជាមានចន្លោះពី៥០តោនទៅ៦០តោន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា

ភ្នំពេញ៖ ទីផ្សារកម្ពុជានៅតែមានការផ្គត់ផ្គង់សាច់ជ្រូកបានគ្រប់គ្រាន់តាមតម្រូវការ ខណៈពលរដ្ឋជាច្រើនបានសម្រុកទិញស្បៀងទុកបន្ទាប់ពីរាជរដ្ឋភិបាលបានដាក់ចេញនូវវិធានការបិទខ្ទប់ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលមក ការដឹកជញ្ជូនសាច់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក៏មានផលប៉ះពាល់ដែរ ប៉ុន្តែមិនមានជាបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ ហើយការផ្គត់ផ្គង់សាច់នៅតាមទីផ្សារក៏មិនមានផលរំខានដែរ។

លោកបន្តថា នៅក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ សាច់ជ្រូកអាចនឹងមានតម្លៃថ្លៃជាងមុនបន្តិច ដោយសារតែការដឹកជញ្ចូនមានការលំបាកជាងមុន និងមានការឡើងថ្លៃបន្តិច។ ប៉ុន្តែសាច់ជ្រូកនៅតែមានម្រូវការខ្ពស់សម្រាប់ទីផ្សារប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃតម្រូវការសាច់ជ្រូកនៅទូទាំងប្រទេសកម្ពុជាមានចាប់ពី៥០តោនទៅ៦០តោនឯណោះ។

លោកបន្ថែមថា ការផ្គត់ផ្គង់សាច់សត្វគ្រប់ប្រភេទនៅកម្ពុជាក្នុងដំណាក់កាលបិទខ្ទប់នេះ គឺពុំមានបញ្ហាអ្វីឡើយ ពោលគឺការផ្គត់ផ្គង់នៅតែមានសភាពដដែល មិនកើនឡើងពេក មិនធ្លាក់ចុះពេក ហើយអាចបំពេញតាមតម្រូវការរបស់ប្រជាជនបានគ្រប់ៗគ្នា។

លោកបញ្ជាក់ថា ក្នុងករណីដែលការផ្គត់ផ្គង់សាច់ជ្រូកនៅកម្ពុជាមានភាពខ្វះខាត កម្ពុជាក៏អាចនាំចូលពីសាច់សត្វពីប្រទេសជិតខាងខ្លះៗផងដែរ ដើម្បីបំបេញតម្រូវការក្នុងស្រុក។ ចំពោះតម្លៃជ្រូកកសិដ្នានមានតម្លៃចាប់ពី២ម៉ឺនទៅ២ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូ។ រីឯជ្រូកស្រែដែលចិញ្ចឹមជាលក្ខណៈគ្រួសារមានតម្លៃ៣ម៉ឺនរៀល ថ្លៃជាងជ្រូកកសិដ្ឋាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង