ភ្នំពេញ៖ ថ្នាក់ដឹកនាំប្រទេសកម្ពុជានិងឡាវ បានឯកភាពពន្លឿនការចរចារលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ក្នុងគោលបំណងដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ។ នេះបើតាមខ្លឹមសារជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេច ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់រដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹង នៅក្នុងឱកាសជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ ហើយក៏បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ហើយសម្តេចជឿជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។
ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញពីភាពរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០ ហើយក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា៕