ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១០៣នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ។ក្នុងចំណោមអ្នកឆ្លងកូវីដទាំងជាង១០០នាក់នោះ គឺមានម្នាក់ជាបុគ្គលិកធនាគារ«អេស៊ីលីដា»។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បុគ្គលិកដែលឆ្លងកូវីដនោះមានឈ្មោះ ប្រាក់ សង្វាត ភេទប្រុសអាយុ ៣៧ ឆ្នាំ ជាបុគ្គលិកធនាគារអេស៊ីលីដា សាខាគីឡូម៉ែត្រលេខ៦ ទីលំនៅបច្ចុប្បន្នផ្ទះ (ចូលតាមក្លោងទ្វារវត្តច័ន្ទបុរីវង្ស ប្រហែល៤០ម៉ែត្រខាងឆ្វេងដៃ) ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង៕