ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៦ មេសានេះ បានប្រមើលមើលឃើញថា ការចាក់វ៉ាក់សាំងនៅពេលខាងមុខអាចក្លាយជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដង ហើយអ្នកអត់ចាក់វ៉ាក់សាំងអាចក្លាយជាមនុស្សអភ័ព្វនៅថ្ងៃអនាគត។នេះបើយោងតាមសារសំឡេងរបស់សម្តេចហ៊ុន សែន ចេញផ្សាយនៅយប់នេះ។
សម្ដេច ហ៊ុន សែន បានថ្លែងថា នៅថ្ងៃអនាគតសម្រាប់អ្នកដែលដាក់ពាក្យចូលការងារ បើសិនមិនទាន់ចាក់វ៉ក់សាំងរួចទេនោះ គឺពួកគេក៏មិនអាចមានឈ្មោះសម្រាប់ចូលប្រលងបម្រើការងារនោះដែរ ហើយក្រុមហ៊ុនក៏មិនទទួលយកមកឱ្យធ្វើការដែរ។ ដូច្នេះ នៅលើពិភពលោក វ៉ាក់សាំងបង្ការជំងឺកូវីដ អាចក្លាយជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដងនៅពេលខាងមុខនេះ សម្រាប់កម្ពុជា។ ដូចនេះ បើតាមការប្រមើលមើលរបស់សម្ដេចហ៊ុន សែន គឺអ្នកដែលមិនបានចាក់វ៉ាក់សាំងគឺអ្នកអភ័ព្វ ដែលពុំមានលទ្ធភាពទទួលបានការងារធ្វើ ត្រូវបានសំណាកអ្នកដែលបានចាក់វ៉ាក់សាំងរួចមិនសូវមានទំនាក់ទំនងជាមួយជិតស្និទ្ធឡើយ បង្កើតជាការរើសអើងព្រោះ ដោយការពារសុវត្ថិភាពរៀងៗខ្លួន។
បើតាមសម្តេច ហ៊ុន សែន បច្ចុប្បន្ននេះ ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជាគឺចាក់ដោយស្ម័គ្រចិត្ត តែនៅពេលណាមួយ វ៉ាក់សាំងទាំងនោះ អាចក្លាយជាវ៉ាក់សាំងកាតព្វកិច្ច នេះបើមើលទៅតាមសភាពការណ៍ជាក់ស្ដែង នាពេលបច្ចុប្បន្នដែលបានវិវត្តន៍នៅទូទាំងពិភពលោក។ ផលវិជ្ជមាននៃការចាក់វ៉ាក់សាំងហើយ ដោយប្រទេសខ្លះ បានចាប់ផ្ដើមធ្វើបដិការទំនាក់ទំនងជាមួយគ្នា ដោយសារទទួលបានការចាក់វ៉ាក់សាំងរួចហើយ មានទំនុកចិត្តបានមួយកម្រិតដែរ គឺមានការបន្ធូរបន្ថយរយៈពេលធ្វើចត្តាឡីស័ក ឬអាចទៅមករកគ្នាបាន។ នេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋដែលអាចមានលទ្ធភាពទៅទទួលការចាក់វ៉ាក់សាំងបាន គួរតែទៅ។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានសូមប្រាប់ដល់គណៈកម្មាចំពោះកិច្ចការចាក់វ៉ាក់សាំង ធ្វើផែនការរៀបចំសម្រាប់ការចាក់វ៉ាក់សាំងបន្ត នៅពេលវ៉ាក់សាំងថ្មីមកដល់បន្ថែមទៀត គឺសំដៅទៅលើភូមិសាស្រ្តភ្នំពេញ និងខេត្តកណ្ដាល បន្ទាប់ពីចំនួនវ៉ាក់សាំងគោលដៅត្រូវបានចាក់ជូនក្រុមដែលបានកំណត់រួចរាល់ហើយ។ គោលដៅអាទិភាព ត្រូវបានចាក់រួចស្រេចទៅហើយ។ ដូច្នេះ គោលដៅបន្តទៀត គឺប្រជាពលរដ្ឋទាំងអស់នៅទិក្រុងភ្នំពេញ រួចបន្តទៅខេត្តកណ្ដាលដែលជាខេត្តជាប់រាជធានីភ្នំពេញ មិនសំដៅទៅលើអ្នកណាឡើយ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅដល់លោកជំទាវ ឱ វណ្ណឌីន ពិភាក្សាជាមួយឯកឧត្តម វង្ស សេងវិសុត នៅពេលដែលវ៉ាក់សាំងមកដល់កម្ពុជាបន្ថែមទៀត ត្រូវរៀបចំផែនការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ និងទីកន្លែងផ្សេងៗទៀតដែលមានទីតាំងក្បែរទីក្រុងភ្នំពេញ ដូចជាខេត្តកណ្ដាល ផ្លូវជាតិលេខ ២ , ៣ និងលេខ៤ផងដែរ កន្លែងដែលប្រមូលផ្ដុំមនុស្សច្រើន ជាពិសេសនៅតាមរោងចក្រសហគ្រាសផងដែរ ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលវីរុសកូវិដ១៩ឱ្យកាន់តែធំឡើងៗ៕