Cc time web banner 054637

អ្នកគាំទ្រCPPប្រមាណ១ម៉ឺននាក់នឹងជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃស្អែក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមេទ្ទិង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ នៅថ្ងៃទី១៧ឧសភា ដែលចាប់ផ្ដើមនៅម៉ោង៦ព្រឹក នៅផ្លូវធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យពលរដ្ឋមានការយោគយល់ និង បញ្ចៀសចរាចរបណ្ដោះអាសន្នអំឡុងពេលហែបក្ស។ 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅម៉ោង៦ព្រឹកថ្ងៃទី ១៧ ឧសភាអ្នកគាំទ្រ រួមទាំងសមាជិកបក្សប្រជាជនទាំងអស់ នឹងជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូត៍លេខ ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ការជួបជុំនេះ មានគ្នាប្រមាណ១ម៉ឺននាក់ មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីជួបជុំហើយ បក្សប្រជាជនកម្ពុជា នឹងដង្ហែក្បួនចេញទៅ តាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ដូចនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដូច្នេះ៖ «ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីខ្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើ អាចមានចរាចរមមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្ស ដែលអញ្ជើញចូលរួម។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះចរាចរណ៍កើតឡើង»។

ជាមួយគ្នាដែរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំឱ្យមហាជន យោគយល់ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមេទ្ទិង និងតាមដងផ្លូវហែក្បួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤ឧសភា។ ការបោះឆ្នោតនេះ នឹងរៀបចំឡើងនៅថ្ងៃទី២៦ឧសភា​។ ដំណើរការបោះឆ្នោត មានបក្សទាំង៥បានចូលរួមប្រកួតប្រជែង មានបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សខ្មែររួបរួមជាតិ។ ចំណែក អង្គបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង