Cctimesw1140xh150cm copy

កម្ពុជាសុំឱ្យអាមេរិកដោះស្រាយបំណុលដែលកម្ពុជាជំពាក់នៅសម័យសង្គ្រាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ខាងឆ្វេងគឺ សម្តេច ហ៊ុន សែន និង ស្តាំលោក​ស្រី Wendy R. Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើជាថ្មីម្តងទៀតឲ្យសហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិកតាមវិធីទ្វេភាគីចំនួន៣ធំៗ។ សំណើររបស់សម្តេចធ្វើឡើងក្នុងជំនួបដោយផ្ទាល់ជាមួយលោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្រ្តីសហរដ្ឋអាមេរិក នៅថ្ងៃទី១មិថុនា។

ថ្លែងក្នុងកិច្ចពិភាក្សានេះ សម្តេច ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុលដែលកម្ពុជាមានជំពាក់សហរដ្ឋអាមេរិកតាមវិធីទ្វេភាគីរួមមាន ទី១គឺអនុញ្ញាតឲ្យកម្ពុជាសងប្រាក់នេះ តាមកម្មវិធីសងឡើងវិញបន្តិចម្តងៗ។ ទី២គឺសងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១% និងទី៣ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណង៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងវិស័យយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។

សុំណើរនេះ មិនមានការឆ្លើយតបយ៉ាងណាពីលោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្រ្តីសហរដ្ឋអាមេរិកហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់សម្តេចតេជោ ដែលជាសំណើរនេះ លោកជំទាវនឹងជម្រាបជូនឯកឧត្តមប្រធានាធិបតី Joe Biden។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ប្រាក់កម្ចីជាង ២៧៤លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅដើមទសវត្សរ៍ ១៩៧០។មកដល់ពេលនេះបូកទាំងការប្រាក់គឺសរុបបានកើនដល់ជាង៦០០លានដុល្លារ។

តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Richard Nixon ដែលគាំទ្ររដ្ឋាភិបាលវៀតណាមខាងត្បូងនិងរដ្ឋាភិបាលលោក លន់ នល់ បានសម្រេចចិត្តជាសម្ងាត់បើកយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងតិច ៥០០០០០តោន ទៅលើប៉ែកខាងកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាម ក្នុងសម័យសង្គ្រាមវៀតណាម ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងនិងសម្ភារសឹកដល់ទ័ពវៀតកុងរបស់វៀតណាមខាងជើង នៅគ្រានោះ។

ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះ បានសម្លាប់ពលរដ្ឋខ្មែរអស់រាប់សិបម៉ឺននាក់និងបន្សល់ទុកគ្រាន់មិនទាន់ផ្ទុះជាច្រើន ដែលនៅតែបន្តឆក់យកអាយុជីវិត ឬធ្វើឲ្យពិការប្រជាជនកម្ពុជារហូតមកទល់នឹងសព្វថ្ងៃនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង