ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣ មេសា បានចេញក្តីសេចក្តីសម្រេចផ្អាកដំណើរការផ្សារអូរឫស្សី រយៈពេល១៤ថ្ងៃ ក្រោយរកឃើញក្រុមអាជីវករ និងសន្តិសុខក្នុងផ្សារនេះកើតកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានពន្យល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួន បានឆ្លងវីរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលស្ថានភាពនេះ៖ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារ អូរឫស្សី រយៈពេលពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩។
ក្នុងពេលផ្អាកដំណើរការរដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារ សន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីករមិនឱ្យមានការបាត់បង់ និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ក្រុមអាជីវករទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាត។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា អាជីវករ និងអតិថិជន ទាំងអស់ដែលចេញ-ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សីមានការយោគយល់អធ្យាស្រ័យ និងចូលរួម អនុវត្តសេចក្តីជូនដំណឹងនេះ៕