
ខេត្តកណ្តាល៖ ស្រុកពញាឮរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១២នាក់និងអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកទាំង១២នាក់ មានចំនួន៦៨នាក់ និងប្រយោលប្រមាណជាង២០០នាក់ ក្រោយពីអភិបាលខេត្តកណ្តាលបានដាក់ផែនការស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង១២នាក់។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយកងកម្លាំងទាំងបី អាជ្ញាធរស្រុកពញាឮនៅព្រឹកថ្ងៃទី០២ ខែមេសានេះ ដើម្បីដាក់ផែនការស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង១២នាក់។
ឯកឧត្តម បានដាក់បទបញ្ជាយ៉ាងមឹងម៉ាត់ដល់អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងទាំង៣ ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកទាំង ១២នាក់ ដែលរកឃើញថាមានវិជ្ជមានមេរោគកូវីដ-១៩ ដើម្បីអញ្ជើញពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កស្រុកដែលបានត្រៀមទុក។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការពាក់ព័ន្ធជាមួយអ្នកទាំង១២នាក់ ឱ្យអញ្ជើញទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាល ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣កុំ ៣ការពារ។
ទន្ទឹមនឹងនេះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮក៏បានឱ្យដឹងថា អ្នកទាំង១២នាក់ដែលបានរកឃើញមេរោគកូវីដ-១៩ ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ គឺបានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ហ៊ុយ សុវណ្ណ៕