ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិការជំនួយបន្ទាន់ចំនួន៣៦,៩ លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន ១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលក្នុងនោះក៏មានកម្ពុជាដែរ ដែលនឹងទទួលបានទឹកប្រាក់ជំនួយជិត១លានដុល្លារសម្រាប់ដំណើរការនេះ។
បើតាមអង្គការយូនីសេហ្វ បានឱ្យដឹងថា ថវិកាជិត១លានដុល្លារនៃថវិកាសរុបនឹងត្រូវដកមកប្រើប្រាស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល។
យូនីសេហ្វបានបញ្ជាក់ថា សមត្ថភាពនៃប្រព័ន្ធត្រជាក់មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការដឹកជញ្ជូនវ៉ាក់សាំងដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ដើម្បីរក្សាប្រសិទ្ធភាព រាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ-១៩ផងដែរ។
ខាងអង្គការយូនីសេហ្វ បានបន្ថែមថា ការវាយតម្លៃបានរកឃើញនូវចំណុចមួយចំនួនដែលត្រូវពង្រឹងបន្ថែមដោយប្រើប្រាស់ថវិកាគាំទ្រថ្មីនេះ ដើម្បីពង្រឹងប្រព័ន្ធត្រជាក់ក្នុងការទុកដាក់វ៉ាក់សាំង។ ដូច្នេះថវិកាជំនួយនេះនឹងបង្កើនសមត្ថភាពនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាកំពុងចាប់ផ្ដើមអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរហ័ស និងក្នុងទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។
យូនីសេហ្វបានលើកឡើងថា ការធានាឱ្យការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ និងការបែងចែកវ៉ាក់សាំងឱ្យបានឆាប់រហ័សគឺជាចំណោទរួមមួយរបស់សហគមន៍អន្តរជាតិ ក្នុងការឈានទៅសម្រេចគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅលើភពផែនដីទាំងមូល។ ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅនេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយថវិកាចំនួន ២០០ លានដុល្លារ ដល់កម្មវិធី COVAX ដែលជាយន្តការអន្តរជាតិដឹកនាំដោយ Gavi CEPI អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីធានា និងពន្លឿនការផ្ដល់វ៉ាក់សាំងប្រកបដោយសមធម៌ក្នុងប្រទេសកំពុងអភិវឌ្ឍ។
លោកឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ការចែកចាយផ្ដល់វ៉ាក់សាំង គឺមានសារៈសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ រាជរដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំងនៅប្រទេសកំពុងអភិវឌ្ឍ»។
ឯកអគ្គរាជទូត យល់ឃើញថា បទពិសោធច្រើនឆ្នាំរបស់យូនីសេហ្វក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តកម្មវិធីផ្ដល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឱ្យជប៉ុនមានទំនុកចិត្តទាំងស្រុងថា ថវិកាជំនួយនេះពិតជានឹងនាំឱ្យសម្រេចបាននូវលទ្ធផលវិជ្ជមានយ៉ាងធំធេងមកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ ហើយជប៉ុននឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ស្ថានការអាចទប់ស្កាត់បានទាំងស្រុង និងអាចស្តារទ្បើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
សូមជម្រាបជូនថា ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាប័នដឹកនាំកិច្ចលទ្ធកម្ម និងការផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានបំពេញតួនាទីជាស្ថាប័នដឹកនាំការងារបច្ចេកទេស រយៈពេល៣ទសវត្សរ៍មកហើយ ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការពង្រឹងកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ជាតិ ដែលផ្ដល់ជាប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ៕