ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនដែលហៅកាត់ថា USAID បានប្រកាសនៅថ្ងៃទី០១ ខែមេសានេះថា ខ្លួននឹងផ្តល់ជំនួយថវិកាចំនួន ៨៧៥.០០០ដុល្លារ បន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការនិងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនិងវិបត្ដិនានានៅកម្ពុជា។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាមានប្រសាសន៍ថា «ការបំផ្លិចបំផ្លាញបង្កឡើងដោយទឹកជំនន់ឆ្នាំមុនបានបង្ហាញពីភាពចាំបាច់ក្នុងការត្រៀមខ្លួនដោះស្រាយទៅលើផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។ យើងមានមោទនភាពក្នុងការចូលរួមចំណែកកែលម្អប្រព័ន្ធឆ្លើយតបនឹងវិបត្តិទាំងនេះនៅកម្ពុជា។»
ទន្ទឹមនេះថវិកាដែលទទួលបានពីការិយាល័យជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID នឹងផ្ដល់លទ្ធភាពឱ្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែមទៅលើគម្រោងស្ដីពី “ការច្នៃប្រឌិតថ្មីដើម្បីត្រៀមបង្ការនិងឆ្លើយតបទៅនឹងគ្រោះអាសន្ន ដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បានគាំទ្រតាំងពីឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២២ ។
លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក មានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែមដល់ប្រទេសកម្ពុជាដែលប្រឈមនឹងវិបត្តិអាកាសធាតុដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត។»
ជំនួយនេះនឹងជួយដល់ដៃគូដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការមនុស្សធម៌នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីត្រៀមខ្លួននិងឆ្លើយតបចំពោះវិបត្តិទាំងនេះ ដោយប្រើប្រាស់ព័ត៌មានដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារមនុស្សធម៌បានទាន់ពេលវេលា។
កម្មវិធីស្បៀងអាហារពិភពលោកនឹងប្រើជំនួយបន្ថែមនេះដើម្បីពង្រឹងសមត្ថភាពដៃគូដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការមនុស្សធម៌ តាមរយៈវិធីសាស្រ្ត ការសម្របសម្រួល បច្ចេកវិទ្យា និងឧបករណ៍នានាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន ៧០០.០០០ដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា៕