ព្រះវិហារ៖ គម្រោងUSAIDព្រៃឡងបៃតង បានផ្តល់ជំនួយដល់អង្គការអនាគតយើង ដល់ការបង្កើតគម្រោងរេដបូក និងសិក្ខាសាលា សម្រាប់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងតំបន់ទេសភាពការពារប្រាសាទបាកានក្នុងខេត្តព្រះវិហារ។ នៅក្នុងសិក្ខាសាលានេះ បានបញ្ចប់ជាមួយការពិភាក្សាអំពីសកម្មភាពដែលគម្រោងរេដបូក អាចផ្តល់ថវិកាដើម្បីជួយសហគមន៍សម្រេចបាននូវគោលដៅរបស់ខ្លួនដោយមិនបំផ្លាញព្រៃឈើក្នុងដំណើរការអភិវឌ្ឍន៍។
គម្រោងUSAIDព្រៃឡងបៃតង បានផ្តល់ជំនួយដល់អង្គការអនាគតយើង ដល់ការបង្កើតគោលការណ៍ណែនាំស្តីពីការចូលរួមរបស់សហគមន៍ក្នុងគម្រោងរេដបូក និងសិក្ខាសាលាផ្សព្វផ្សាយ សម្រាប់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងតំបន់ទេសភាពការពារប្រាសាទបាកានក្នុងខេត្តព្រះវិហារ។ គោលការណ៍ណែនាំគឺផ្អែកលើការសម្រេចអោយបាននូវលទ្ធផលសំខាន់ៗចំនួនបី៖
១. សហគមន៍យល់អំពីបញ្ហានៃការប្រែប្រួលអាកាសធាតុ និងគិតអំពីអនាគតដែលកំណត់ដោយពួកគាត់ខ្លួនឯង
២. សហគមន៍ទទួលស្គាល់តម្លៃនៃព្រៃឈើ និងរបៀបដែលធនធាននេះអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេនៅក្នុងគម្រោងរេដបូកនិងអ្វីដែលជាគម្រោងរេដបូក
៣. ប្រសិនបើសហគមន៍មានគម្រោងរេដបូក តើពួកគាត់ចង់បានអត្ថប្រយោជន៍បែបណាដែលជំរុញឱ្យពួកគាត់ថែរក្សាព្រៃឈើ និងជីវចម្រុះដែលនៅជុំវិញពួកគាត់។
អង្គការអនាគតយើង បានធ្វើសិក្ខាសាលារយៈពេល ៣ថ្ងៃជាមួយក្រុមគោលដៅចម្បងមកពី១៥ គ្រួសារ។ អ្នកចូលរួមសិក្ខាសាលាបានគូសបញ្ជាក់ពីគោលដៅរយៈពេលវែងរបស់ពួកគាត់ និងពិភាក្សាអំពីឧបសគ្គដែលរារាំងនូវការសម្រេចបាននូវគោលដៅទាំងនោះ។ អ្នកចូលរួមក៏បានពិភាក្សាអំពីមូលហេតុនៃការកាប់បំផ្លាញព្រៃឈើ និងតម្រូវការសហគមន៍ផងដែរ។ សិក្ខាសាលាបានបញ្ចប់ជាមួយការពិភាក្សាអំពីសកម្មភាពដែលគម្រោងរេដបូក អាចផ្តល់ថវិកាដើម្បីជួយសហគមន៍សម្រេចបាននូវគោលដៅរបស់ខ្លួនដោយមិនបំផ្លាញព្រៃឈើក្នុងដំណើរការអភិវឌ្ឍន៍។
ជាមួយគ្នានេះ គម្រោង USAIDព្រៃឡង់បៃតង កំពុងគាំទ្រអង្គការអនាគតយើង ដើម្បីដាក់ស្នើគម្រោងរេដបូក នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងតំបន់ទេសភាពការពារប្រាសាទបាកាន ក្នុងខេត្តព្រះវិហារ។ ធាតុផ្សំសំខាន់ៗនៃការអភិវឌ្ឍន៍គម្រោងរេដបូក រួមមានការយកបញ្ជីសារពើភណ្ឌព្រៃឈើ ដើម្បីមើលថាតើមានកាបូនប៉ុន្មាននៅក្នុងតំបន់ កំណត់តម្លៃអភិរក្សរបស់តំបន់ ហើយសំខាន់ការចូលរួមសហគមន៍ក្នុងដំណើរការបង្កើតគម្រោង។
ទន្ទឹមនឹងនោះ តាមរយៈការបញ្ចូលសហគមន៍ទៅក្នុងការអភិវឌ្ឍន៍គម្រោង និងដំណើរការបន្តដែលតែងតែទទួលយកមតិកែលម្អពីសហគមន៍ និងការបញ្ចូលការកែលម្អទៅក្នុងការអនុវត្ត គម្រោងរេដបូកនឹងអាចទទួលបានជោគជ័យនិងផ្តល់អត្ថប្រយោជន៍យ៉ាងត្រឹមត្រូវដល់សហគមន៍៕