ព្រះវិហារ៖ ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅក្នុងតំបន់ការពារធម្មជាតិចំនួន៤ នៅលើទឹកដីខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការនិងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យអង្គការ WCS អនុវត្តន៍គម្រោងរេដបូក ទៅលើតំបន់ការពារធម្មជាតិចំនួន៤ នៃខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃចំនួនបួនទីតាំងដូចជា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការនិងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។
លោកបានបញ្ជាក់ថា តំបន់ទាំង៤ខាងលើនេះ នឹងត្រូវសិក្សា ហើយបានយកគំរូចំនួន ៤៣ ទីតាំង ដើម្បីឱ្យមន្ត្រីជំនាញសិក្សារវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។
លោកមានប្រសាសន៍ថា៖ «ទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារៈសំខាន់សម្រាប់
ប្រទេសកម្ពុជារបស់យើង ការបោះជំហ៊ាននៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរ
ឡើងនៃការការពារធនធានធម្មជាតិរបស់យើង»។
អ្នកនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការងារជាមួយអង្គការ WCS ហើយក្រសួងនឹងប្រគល់តួនាទីនឹងឱ្យអង្គការ WCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះ។
បច្ចប្បន្ន គម្រោងនេះបានកំពុងតែតែឈានដល់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ពិនិត្យទៅលើការចាប់ផ្តើមក្នុងការធ្វើកំណត់តំបន់ ក្នុងការសិក្សា វាយតម្លៃលើកម្រិត បាយអូម៉ាស់ នៅក្នុងតំបន់ខាងលើ ហើយបន្ទាប់មកនឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យ លើស្ថានភាពមុននឹងដាក់លក់ជាសាធារណៈ ហើយព័ត៌មានដែលពាក់ព័ន្ធនឹងដាក់ជូនសាធារណៈដើម្បីឱ្យសាធារណជនបានដឹង។
ទាក់ទងនឹងគម្រោងនេះ លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា គម្រោងរេដបូក គឺរៀបចំនៅភូមិភាគខាងជើងប្រទេស គ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែលជម្រកសត្វព្រៃព្រះរកា ដែលជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហ៊ានបឋម ដើម្បីឱ្យគម្រោងអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិ
សាស្ត្រខេត្តព្រះវិហារទាំងមូល។
នាយកអង្គការWCS បានបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោល
នយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបាន
ផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ។
លោកបន្ថែមថា អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។
សូមជម្រាបជូនថា ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយរបស់កម្ពុជា ដែលអង្គការWCSបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន៕