
ភ្នំពេញ៖សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទិញយកមន្ទីរពេទ្យស្ត្រីនគរទេពហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ក្រោយពីមន្ទីរពេទ្យរដ្ឋដែលកំពុងដំណើរការពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ទទួលព្យាបាលអ្នកជំងឺថ្មី ខណៈអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួនច្រើនត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។
ក្រោមប្រកាសឧកញ៉ាល្បីឈ្មោះនៅក្នុងវិស័យឯកជនមួយចំនួន បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងការទិញមន្ទីរពេទ្យដែលមានឈ្មោះស្ត្រីនគរទេព ដែលរាជរដ្ឋាភិបាលបានសម្រេចប្ដូរឈ្មោះមកជា «មន្ទីរពេទ្យហ្លួងម៉ែ»។
គួរបញ្ជាក់ថា មន្ទីរពេទ្យស្ត្រីនគរទេពមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរៀបចំឱ្យក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ វាក៏ជាមន្ទីរពេទ្យធំទី២ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានយកអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ បន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លង រាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
